(ភ្នំពេញ)៖ ចលនានៃការកាប់រុករានទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ពីសំណាក់ក្រុមជនខិលខូច នៅតែបន្តកើតមាន ទោះបីជាអាជ្ញាគ្រប់ជាន់ថ្នាក់ខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់បង្ក្រាបក៏ដោយ។ នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៩នេះ មន្ត្រីឧទ្យានុរក្សនៃឧទ្យានជាតិ ព្រះសីហនុរាម នៃមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ បានចុះទប់ស្កាត់ការនាំក្រុមកម្មករចំនួន១០នាក់ ដែលដឹកនាំដោយឈ្មោះ ហេង ស៊ីថា ភេទប្រុស រស់នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចូលក្នុងតំបន់ហាមឃាត់ ស្ថិតនៅចំណុចតាបិន ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងតំបន់អភិរក្សនៃឧទ្យានជាតិព្រះសីហនុរាម បំណងដើម្បីកាប់រានទន្រ្ទានដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា ក្រុមការងារបានណែនាំអ្នកទាំងនោះឱ្យចាកចេញពីតំបន់ហាមឃាត់ និងមិនអនុញ្ញាតឱ្យចូលក្នុងតំបន់ ហាមឃាត់នេះទៀតឡើយ ហើយប្រសិនបើបំពាននឹងបំរាមនេះ នោះមន្ត្រីមានសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ ក្រោយពីការអប់រំណែនាំមិនស្តាប់។ លោកបន្តថាក្រោយពីស្តាប់ការអប់រំណែនាំ អ្នកដែលប៉ុនប៉ងកាប់ឆ្ការរុករានកាន់កាប់ដីរដ្ឋដោយខុសច្បាប់នេះបានចាកចេញពីតំបន់ហាមឃាត់អស់ហើយនៅល្ងាចថ្ងៃទី១៣ នេះ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា ការទន្ទ្រានរុករានកាន់កាប់ដីដោយខុសច្បាប់របស់បងប្អូនប្រជាពលរដ្ឋខ្លះ ត្រូវបានធ្វើឡើងក្រោមការបំផុស ពីឈ្មួញរកស៊ីដីធ្លី ដែលពួកគេបានញុះញង់ឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានរំលោភបំពានច្បាប់ និងបំផ្លាញធនធានធម្មជាតិក្រោមច្រើនរូបភាព ដូចជា ការដាំដំណាំចេក ស្វាយ ខ្លុរ អាកាស្យា.. ជាដើមដើម្បីបន្លំថាជាដី និងដំណាំដែលខ្លួនបានកាន់កាប់ និងអាស្រ័យផលជាកម្មសិទ្ធិ ឬខ្លួនបានគ្រប់គ្រងជាយូរមកហើយ។ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្តថា ល្បិចកលក្នុងការបំផ្លាញធនធានធម្មជាតិខ្លះ ដែលជនខិលខូចខ្លះបានធ្វើក្នុងការទន្ត្រានកាន់កាប់ដីព្រៃខុសច្បាប់នោះ គឺដូចជាការបោះព្រំដី ការត្រាយព្រៃតូចៗឱ្យងាប់ រួចដុតសម្អាត សម្រាប់ដាំដំណាំតាមរដូវ ដូចជា ពោត ដំឡូង សណ្តែក បន្លែ ។ល។ ក្នុងរូបភាពអាស្រ័យផល និងឈានទៅដាក់ស្នើសុំការវាស់វែង ផ្តល់កម្មសិទ្ឋិជូនពួកគាត់ទៅ អាជ្ញាធរដែនដី ស្ថាប័នជំនាញពាក់ព័ន្ឋ ជាពិសេសស្នើទៅរដ្ឋាភិបាលជាបន្តបន្ទាប់។
លោកបន្តថា កន្លងមកក្នុងករណីមានការបង្ក្រាប ឬបដិសេធការផ្តល់កម្មសិទ្ធិ ក្រុមឈ្មួញបានញុះញង់ឱ្យមានការតវ៉ា និងពេលខ្លះឡើងមកតវ៉ានៅរាជធានីភ្នំពេញ ហើយត្រូវបានបំពងសំឡេង ដោយក្រុមអង្គការសង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្សមួយចំនួនថា ជាការរំលោភបំពានលើសិទ្ធិមនុស្ស និងសិទ្ធិលំនៅដ្ឋានជាដើម។ តាមពិត នេះគឺជាការរំលោភច្បាប់យ៉ាងច្បាស់។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ជាទូទៅនៅតាមតំបន់ការពារធម្មជាតិនីមួយៗ មន្ត្រីឧទ្យានុរក្សមិនមានការរឹតបន្តឹង ឬហាមឃាត់ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិ ដែលប្រកបរបរចិញ្ចឹមជីវិត អាស្រ័យលើការប្រមូលអនុផល ព្រៃឈើ មានដូចជា រកផ្តៅ វល្លិ៍ ឫស្សី បន្លែ ផ្លែឈើ ឬអុសសម្រាប់ដុតប្រចាំថ្ងៃនោះទេ។ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងបរិស្ថាន បានគិតគូរ និងយកចិត្តទុកដាក់បំផុតចំពោះជីវភាពបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ ការពារធម្មជាតិនានា តាមរយៈការជួយបង្កើតមុខរបរ បង្កើតប្រភពចំណូល បង្កើនចំណូលសម្រាប់អភិវឌ្ឍជីវភាពគ្រួសារបងប្អូន។
ដើម្បីទប់ស្កាត់នូវរូបភាពការទន្ទ្រានកាន់កាប់ដីធ្លី ក្នុងតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថានដោយសហការ ជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ឋ ចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពល្មើស ដូចបានរៀបរាប់ខាងលើ ដោយផ្អែកលើនីតិវិធីច្បាប់ជាធរមាន។ ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការយកពលរដ្ឋមកធ្វើជាលេសដើម្បីទន្ទ្រានកាន់កាប់ដីរដ្ឋជារឿងខុសច្បាប់ និងមិនត្រូវបានអត់ឱនឱ្យឡើយ ។ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិដែលប្រទេសកម្ពុជា មានដើម្បីទុកសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ លោកបានបន្ថែមថា ប្រសិនបើប្រជាពលរដ្ឋណាខ្វះដីពិតប្រាកដ សូមដាក់សំណើសុំដីសម្បទានសង្គមកិច្ចពីអាជ្ញាធរ មិនគួរទន្ទ្រាន រុករានកាប់ឆ្ការព្រៃ កាន់កាប់ដីរដ្ឋដោយខុសច្បាប់ឡើយ។ ជនទាំងឡាយដែលបំពាននឹងត្រូវប្រឈមមុខច្បាប់៕