(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បត្តិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ពិធីបិទសន្និបាតបូកសរុបការងារ ក៏ដូចជាការដាក់ចេញទិសដៅការងារថ្មីរបស់ក្រសួងកសិកម្មនេះ នឹងធ្វើឡើងនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ វិស័យកសិកម្មជាវិស័យស្នូលមួយក្នុងការទ្រទ្រង់ដល់សេដ្ឋកិច្ចរបស់កម្ពុជាកាលពីអតីតកាល។ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដែលបានប្រឹងប្រែងបំផុតក្នុងការលើកកម្ពស់វិស័យកសិកម្ម។
គេតែងឃើញវត្តមានសម្តេចតេជោ ហ៊ុន សែន នៅតាមវាលស្រែ និងប្រឡាយទឹកជាដើម ដើម្បីជំរុញការអភិវឌ្ឍលើវិស័យកសិកម្ម។ ការប្រឹងប្រែងនេះទីបំផុតបានធ្វើឲ្យកម្ពុជាប្រែក្លាយពីប្រទេសខ្វះខាតស្បៀងអាហារនៅក្រោយពេលរំដោះប្រទេសចេញរបបប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ រហូតក្លាយទៅជាប្រទេសសល់ស្រូវប្រមាណ ៤លានតោននាពេលបច្ចុប្បន្ន។
បើទោះបីពេលបច្ចុប្បន្នវិស័យកសិកម្មបានរួមចំណែកត្រឹមជាង ២៣ភាគរយសម្រាប់សេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្តី តែសម្តេចតេជោ ហ៊ុន សែន នៅតែបន្តយកចិត្តទុកដាក់ទៅលើវិស័យកសិកម្មនេះ។ សម្តេចតេជោ ហ៊ុន សែន តែងតែបានផ្តល់កិត្តិយសក្នុងពិធីបិទសន្និបាតរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជារៀងរាល់ឆ្នាំ។
វត្តមានរបស់សម្តេចក្នុងពិធីបិទសន្និបាតរបស់ក្រសួងកសិកម្ម ជាការបង្ហាញនូវភាពកក់ក្តៅដល់ប្រជាកសិករ ដោយមិនត្រឹមតែសំដៅលើកកម្ពស់វិស័យកសិកម្មឱ្យក្លាយទៅជាផ្នែកមួយនាំមុខ ដែលអាចផ្តល់កម្លាំងចលករបន្ថែមដល់កំណើនសេដ្ឋកិច្ច និងអាចចូលរួមវិភាគទានយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំង ធានាឱ្យមានស្បៀងគ្រប់គ្រាន់ និងមានសុវត្ថិភាពសម្រាប់ប្រជាជនគ្រប់រូប ធានាបង្កើនចំណូលសម្រាប់គ្រួសារកសិករ ក៏ដូចជាធានាឱ្យបាននូវការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព ផងដែរ។
របាយការណ៍របស់ក្រសួងកសិកម្មបានបង្ហាញថា វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ២៣.៥% ក្នុងផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០១៨។ ក្នុងនោះសម្រាប់ផ្នែកដំណាំមានចំនួន ៥៨.១% ផ្នែកផលិតកម្មសត្វ ១១.២% ផ្នែកជលផល ២៤% និងផ្នែកព្រៃឈើ ៦,៧%។ លើសពីនេះទៀត តម្លៃបន្ថែមសរុបនៃវិស័យកសិកម្មមានការកើនឡើងជារៀងរាល់ឆ្នាំ ពោលគឺបានកើនពី ១៩,៤៧០ពាន់លានរៀលនៅឆ្នាំ២០១៤ ដល់ ២១,៩១៣ ពាន់លានរៀលនៅឆ្នាំ២០១៨៕