(ភ្នំពេញ)៖ រដ្ឋមន្រី្តក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានស្នើដល់ Clinton Health Access Initiative (គំនិតផ្តួចផ្តើមរបស់គ្លីនតុន ក្នុងការទទួលបាននូវសុខភាព) បន្តជួយប្រយុទ្ធប្រឆាំងជំងឺឆ្លង និងជំងឺមិនឆ្លងនៅកម្ពុជា។

ការថ្លែងដូច្នេះរបស់រដ្ឋមន្រី្ត ក្នុងឱកាសលោកអនុញ្ញាទទួលជួបសម្ដែងការគួរសម លោក Andrew McCracken នាយកប្រចាំប្រទេស Clinton Health Access Initiative នៅទីសី្តការក្រសួងសុខាភិបាល នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្តថា អង្គការគំនិត ផ្តួចផ្តើមរបស់គ្លីនតុន ក្នុងការទទួលបាននូវសុខភាព បានធ្វើកិច្ចសហប្រតិបតិ្តការជាមួយក្រសួងសុខាភិបាល ចាប់តាំងពីឆ្នាំ២០០៥ លើការងារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង រួមមានជំងឺអេដស៍, របេង និងគ្រុនចាញ់ ហើយអង្គការនេះ បានធ្វើការជាដៃគូ ជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ, ជួយលើកិច្ចការជាច្រើនទៀត រួមទាំងការពិនិត្យ ជួយជ្រោមជ្រែង និងការបញ្ចុះតម្លៃ នៃឱសថសម្រាប់ព្យាបាល ពន្យាអាយុជីវិតជំងឺអេដស៍ផងដែរ។

ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានស្នើដល់ Clinton Health Access Initiative បន្តជួយប្រយុទ្ធប្រឆាំងជំងឺមិនឆ្លងបន្ថែមទៀត រួមមាន៖ ជំងឺមហារីកមាត់ស្បូន ជំងឺមហារីកផ្សេងទៀត និងបន្តការរៀបចំព្យាបាល អ្នកដែលមានផ្ទុកមេរោគអេដស៍ និងជំងឺរលាកថ្លើមប្រភេទ C។

លើសពីនោះ រដ្ឋមន្ដ្រីសុខាភិបាល បានស្នើឲ្យអង្គការខាងលើនេះ ជួយជំរុញ និងពិនិត្យក្នុងការដាក់បញ្ចូលនូវវិធានការណ៍ នៃការអប់រំសុខភាព ទៅលើការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ដែលកំពុងមានការកើនឡើងលើសុខភាពសាធារណៈ។ ជាពិសេស ជួយបណ្ដុះបណ្ដាលដល់មន្ដ្រីសុខាភិបាលកម្ពុជាផងដែរ ។

ជាការឆ្លើយតប លោក Andrew McCracken បានលើកឡើងថា អង្គការលោក ក៏កំពុងតែមានបំណងបន្តកិច្ចសហប្រតិបតិ្តការជាមួយក្រសួងសុខាភិបាល ទៅលើជំងឺមិនឆ្លងផងដែរ រួមទាំងជួយបង្កើនឲ្យមានការប្រើប្រាស់មធ្យោបាយពន្យាកំណើត ក្រៅពីជំងឺអេដស៍ របេង និងគ្រុនចាញ់នេះ។

ជាងនេះទៅទៀត លោកបន្ដថា គម្រោងរបស់អង្គការ ក៏កំពុងពិចារណាជួយផ្តល់គំនិតផ្តួចផ្តើម ពីវិធានការ ដើម្បីដោះស្រាយ ជួយគាំទ្រដល់អ្នកស្ម័គ្រចិត្ត ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ ដែលស្របទៅនឹងគោលនយោបាយយុទ្ធសាស្រ្តកម្ពុជា ក្នុងការជំរុញដល់ការអនុវត្តន៍តាមផែនការ ដែលបានកំណត់ទុក ពិសេសជាងនេះទៅ គឺលើបញ្ហាភាពស៊ាំនៃឱសថតែម្ដង ៕