(ភ្នំពេញ)៖ ក្រោមការដឹកនាំបញ្ជាជាប្រចាំពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ដែលមានលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌទទួលបន្ទុកសណ្ដាប់ធ្នាប់សាធារណៈ បានចាត់ឲ្យលោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ ដឹកនាំកម្លាំងសមត្ថកិច្ច អាវុធហត្ថ ប្រជាការពារ និងអាជ្ញាធរសង្កាត់-ភូមិ ដើម្បីបន្តយុទ្ធនាការក្ដៅ ក្នុងការអនុវត្តវិធានការរៀបចំសណ្ដាប់ធ្នាប់ឲ្យមានរបៀបរៀបររយ ដើម្បីរំដោះចំណីចិញ្ចើមផ្លូវសាធារណៈ ពីអាជីវករយកធ្វើអាជីវកម្មផ្ទាល់ខ្លួនគ្រប់ប្រភេទ ដែលបង្កឲ្យកកស្ទះចរាចរ និងបាត់បង់សណ្ដាប់ធ្នាប់ ស្ថិតនៅចំណុចបរិវេណផ្សារច្រាំងចំរេះ ពេញមួយថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ។

យ៉ាងណាក៏ដោយ ក្រុមអាជីវករមួយចំនួន នៅតែរឹងទទឹង មិនគោរពតាមការណែនាំរបស់រដ្ឋបាលខណ្ឌ និងសង្កាត់ឡើយ ដែលជាហេតុធ្វើឲ្យមានការសម្រេចដកហូតសម្ភារមួយចំនួនមករក្សាទុក ដោយមិនទទួលខុសត្រូវលើការខូចខាតនោះទេ នៅក្នុងយុទ្ធនាការអនុវត្តវិធានការរៀបចំសណ្ដាប់ធ្នាប់ឲ្យមានរបៀបរៀបររយ ក្នុងការរំដោះចំណីចិញ្ចើមផ្លូវសាធារណៈ ដែលបង្កឲ្យកកស្ទះចរាចរ និងបាត់បង់សណ្ដាប់ធ្នាប់ ស្ថិតនៅចំណុចបរិវេណផ្សារច្រាំងចំរេះ ពេញមួយថ្ងៃរបស់រដ្ឋបាលខណ្ឌឬស្សីកែវនេះ។

លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ តំណាងអភិបាលរងខណ្ឌ និងអភិបាលខណ្ឌ ដែលជាអ្នកដឹកនាំកម្លាំងផ្ទាល់ បានបញ្ជាក់ថា នៅក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវសាធារណៈនេះ គឺបានអនុវត្តឡើងយ៉ាងមមារញឹក ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដែលជាផែនការអនុវត្តប្រចាំសប្តាហ៏ ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ដោយរដ្ឋបាលរាជធានីភ្នំពេញ។

លោកនាយករងរដ្ឋបាលខណ្ឌរូបនេះ បានបន្ថែមថា មុនឈានដល់ការសម្រេចដកហូតយកសម្ភារល្មើសមួយចំនួន មករក្សាទុកនៅរដ្ឋបាលខណ្ឌបណ្តោះអាសន្ន ដោយសារតែមានការប្រឈមកើតឡើង ពោលគឺក្រុមអាជីវករមួយចំនួន មិនសហការឡើយ ចំពោះការដាក់តាំងលក់ដូរទំនិញផ្សេងៗគ្រប់ប្រភេទធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ បង្កការកកស្ទះចរាចរ ជាដើម អំពីការណែនាំនានាពាក់ព័ន្ធបញ្ហាផ្លូវច្បាប់ ដែលបានយកចិញ្ចើមចំណីផ្លូវសាធារណៈមកប្រកបរបរអាជីវកម្មផ្ទាល់ខ្លួនទាំងបំពាន។

លោកសង្កត់ធ្ងន់ថា ក្នុងយុទ្ធនាការអនុវត្តវិធានការរៀបចំសណ្ដាប់ធ្នាប់ឲ្យមានរបៀបរៀបររយ ដើម្បីរំដោះចំណីចិញ្ចើមផ្លូវសាធារណៈ ពេញមួយថ្ងៃនេះ ក្នុងនាមរដ្ឋបាលខណ្ឌ-សង្កាត់ បានធ្វើការណែនាំឲ្យក្រុមអាជីវករ ដែលដាក់តាំងលក់លើចឹញ្ចើមផ្លូវត្រូវថយឲ្យបានផុត១ភាគ៣ ពីចិញ្ចើមផ្លូវ និងអាជីវករដែលតាំងលក់តាមចិញ្ចើមផ្លូវទល់មុខផ្សារត្រូវថយឲ្យផុតពីចិញ្ចើមផ្លូវរហូតដល់ខ្នងលូ បើក្នុងករណីមិនស្ដាប់ដដែលជាដដែលទេ និងមានវិធានការក្ដៅ តាមបែបបទរដ្ឋបាល ក្នុងការចាប់ដកហូតសម្ភារនានា ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ឡើយ៕