(ព្រះវិហារ/ស្ទឹងសែន)៖ មុខជំនាញសំខាន់ៗចំនួន ៤ រួមមាន ភាសាអង់គ្លេស, កុំព្យូទ័រ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងនយោបាយ ត្រូវបានលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញមន្ត្រីនៅតាមមន្ទីរពាណិជ្ជកម្ម ខិតខំប្រឹងប្រែងសិក្សា ដើម្បីទទួលបានបានការតែងតាំងមុខតំណែងកាន់តែខ្ពស់ ជាមួយឱកាសចេញទៅបន្តការសិក្សា ឬបំពេញការងារជាអនុព័ន្ធពាណិជ្ជកម្ម នៅតាមបណ្តាស្ថានទូតនានារបស់កម្ពុជា នៅក្រៅប្រទេស។
ការជំរុញរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរបស់មន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ និងខេត្តកំពង់ធំ ដែលរៀបចំឡើងនៅសាលប្រជុំមន្ទីរពាណិជ្ជកម្មនៃខេត្តទាំងពីរនៅថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងចែករំលែកព័ត៌មានអំពីសភាពការណ៍វិវឌ្ឍន៍ថ្មីៗ ទាក់ទងវិស័យពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា និងពិភពលោក។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ជំនាញទាំងបួនខាងលើ ពិតជាមានសារៈសំខាន់ សម្រាប់មន្ត្រីនៅក្នុងក្រសួង និងនៅតាមមន្ទីរពាណិជ្ជកម្ម ដែលចង់ឡើងឋានៈ ឬចេញទៅបំពេញការងារជាអនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជានៅឯបរទេស ពីព្រោះពួកគេត្រូវធ្វើការតាមដាន វិភាគ និងប្រមូលព័ត៌មាន ទាក់ទងនឹងព្រឹត្តិការណ៍សេដ្ឋកិច្ច និងនយោបាយនៅក្នុងប្រទេស ដែលពួកគេបម្រើការងារ។
«អនុព័ន្ធពាណិជ្ជកម្ម គឺជាមន្ត្រីទទួលខុសត្រូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដូច្នេះចាំបាច់ត្រូវមានចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ និងត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញ “ការទូត” ត្រឹមត្រូវ ដើម្បីអាចទំនាក់ទំនងជាមួយមន្ត្រីរដ្ឋាភិបាល អង្គទូត និងវិនិយោគិន សំដៅស្វែងរកអត្ថប្រយោជន៍ជូនប្រទេសជាតិ និងប្រជាជន»។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់។
ក្រៅពីជំរុញមន្ត្រីខិតខំប្រឹងប្រែងសិក្សា លោក ប៉ាន សូរស័ក្តិ បានស្នើថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មនៅក្នុងខេត្តទាំងពីរខាងលើ បន្តយកចិត្តទុកដាក់ជួយសម្រួលធុរកិច្ចរបស់សហគ្រាសធុនតូច និងតូចបំផុត (MSMEs) ដើម្បីលើកស្ទួយការអភិវឌ្ឍវិស័យឯកជន និងកំណើនសេដ្ឋកិច្ចជាតិ ពិសេសចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
បន្ថែមលើនោះ លោក ប៉ាន សូរស័ក្តិ ក៏ជម្រាបជូនថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរពាណិជ្ជកម្មទាំងអស់ អំពីវិធានការណ៍ចាំបាច់មួយចំនួន ដែលក្រសួងគ្រោងអនុវត្តន៍ ដើម្បីពង្រឹងតម្លៃកសិផល និងស្ថិរភាពផលិតកម្មរបស់វិស័យ MSME ដូចជា ការបង្កើតគម្រោងមេ ដោយប្រើប្រាស់ថវិកាជាតិ និងថវិកាជំនួយប្រទេសចិន នៅក្រោមក្របខណ្ឌខ្សែក្រវ៉ាត់ និងផ្លូវ ដើម្បីសាងសង់សៃឡូ (ឡសម្ងួត) និងទិញកសិផលពីប្រជាកសិករទៅតាមតម្លៃទីផ្សារ, ការអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដើម្បីអភិវឌ្ឍន៍ចង្វាក់តម្លៃផលិតផល និងតភ្ជាប់ផលិតកម្ម ជាមួយទីផ្សារចាស់ និងថ្មី ព្រមទាំងការបង្កើតក្រុមការងារពិសេស ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ ពាក់ព័ន្ធការអភិវឌ្ឍវិស័យពាណិជ្ជកម្ម នៅថ្នាក់ក្រោមជាតិ ជាដើម។ល៕