(ភ្នំពេញ)៖ គណៈកម្មការរួមការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែនក្នុងអនុតំបន់ទន្លេមេគង្គ ដែលមានប្រទេសកម្ពុជា ចិន ថៃ ឡាវ មីយ៉ាន់ម៉ា និងវៀតណាមជាសមាជិក នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំលើកទី៧របស់ខ្លួន ដើម្បីពិនិត្យទៅលើការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែនប្រទេសជាសមាជិកទាំង៥។ កិច្ចប្រជុំបានធ្វើឡើងនៅក្នុងខេត្តសៀមរាប ដែលជាជង្រុកវប្បធម៌ និងប្រាង្គប្រាសាទរបស់ខ្មែរ។

កិច្ចប្រជុំបានធ្វើឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ហើយក៏មានការចូលរួមពីលោក Hideaki Iwasaki នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសថៃ រួមទាំងមានការចូលរួមពីគណៈប្រតិភូមកពីប្រទេសក្នុងតំបន់មហាអនុតំបន់មេគង្គ រួមមាន ប្រទេសកម្ពុជា ចិន ថៃ វៀតណាម ឡាវ និងប្រទេសមីយ៉ាន់ម៉ា ព្រមទាំងក្រុមការងារADB អង្គការ DFAT និងអង្គការ GIZ។

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មការរួមការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែនក្នុងអនុតំបន់ទន្លេមេគង្គ បានជជែកពិភាក្សាយ៉ាងយកចិត្តទុកដាក់ទៅលើការដឹក​ជញ្ជូនឆ្លងកាត់តំបន់​ព្រំដែន​នៃប្រទេសជាសមាជិកនៃអនុតំបន់ទន្លេមេគង្គទាំង៥ GSM។ កិច្ចប្រជុំ ទទួលស្គាល់ថា ការកាត់បន្ថយនូវរបាំងមិនមែនរូបវ័ន្ត​សម្រាប់ការដឹកជញ្ជូននិងពាណិជ្ជកម្ម ជាការងារគន្លឹះ ក្នុងការបង្កើននូវប្រសិទ្ធភាពនៃការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ផ្ទៃក្នុង និងរវាងបណ្តាប្រទេស GMS ជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ បង្កើនការប្រកួតប្រជែង និងធ្វើឱ្យប្រសើរឡើងកម្រឹតជីវភាពរស់នៅ តាមរយៈការកាត់បន្ថយតម្លៃដឹកជញ្ជូន។

កិច្ចប្រជុំបានប្រកាសបន្តធ្វើការងារឆ្ពោះទៅរកការសម្រួលបន្ថែមទៀត លើការដឹកជញ្ជូន និងពាណិជ្ជកម្ម (TTF) ទូទាំងអនុតំបន់ ក្នុងគោលដៅស្របគ្នាជាមួយ ផែនការ​សហគមសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ និងតម្រូវការខាងវិនិយោគ ដែលមានបញ្ជាក់នៅក្នុងក្របខ័ណ្ឌវិនិយោគតំបន់ GMS (RIF)។

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានបង្ហាញលទ្ធផលនៃកិច្ចប្រជុំដែលបានធ្វើឡើងនៅព្រឹកមិញនេះ៖