(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល នាថ្ងៃទី១៣ ខែមីនានេះ បានចេញបង្ក្រាបករណីនាំចូលបង្គា និងគ្រឿងសមុទ្រមានសារជាតិគីមីជាង ៧តោនកន្លះ នៅចំណុចគីឡូម៉ែត្រលេខ១៥ ផ្លូវជាតិលេខ៣ ខណៈកំពុងដឹកតាមរថយន្តបីគ្រឿងពីប្រទេសវៀតណាម។
ប្រតិបត្តិការនេះធ្វើឡើងតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងផ្អែកតាមការស្រាវជ្រាវស៊េីបអង្កេតរបស់មន្ត្រីជំនាញ ក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
បង្គា និងគ្រឿងសមុទ្រដែលនាំចូលពីប្រទេសវៀតណាមដោយពុំមានច្បាប់អនុញ្ញាតនេះ គឺបានដឹកតាមរថយន្តចំនួន ៣គ្រឿង មានរថយន្តម៉ាក HYUNDIA ស្លាកលេខ 3A-0869 មួយគ្រឿង ម៉ាកសាំងយ៉ុងកែច្នៃ 2A-0342 មួយគ្រឿង និងម៉ាក HYUNDIA គ្មានស្លាកលេខ មួយគ្រឿង។
ក្រោយពីការត្រួតពិនិត្យលើរថយន្តទាំងបីគ្រឿងនេះហើយ កម្លាំងសមត្ថកិច្ចចម្រុះបានឆែកឆេរជាក់ស្តែងរកឃេីញមានបង្គា (បង្គាមានចាក់សារធាតុម្យ៉ាងខាប់ដូចចាហួយចូលក្បាលបង្គា) និងគ្រឿងសមុទ្រមួយចំនួនដោយគ្មានច្បាប់អនុញ្ញាតចំនួន ៣៧៦កេស ស្មើនឹងប្រមាណ ៧,៥២០គីឡូក្រាម។
ចំពោះវត្ថុតាងទាំងអស់ខាងលើ លោកព្រះរាជអាជ្ញារង ខាំ សុផារី បានសម្រេចឲ្យដកហូតរក្សាទុកជាបណ្តោះអាសន្ននៅនាយកដ្ឋាន (ដោយយកវត្ថុតាងមួយចំនួនទៅធ្វេីការពិសោធន៍រកសារធាតុហាមឃាត់) បន្ទាប់មកបានបញ្ជាឲ្យយកបង្គាដែលមានចាក់បញ្ចូលសារធាតុគីមីដូចបានរៀបរាប់ខាងលេី យកទៅដុតបំផ្លាញចោលនៅទីលានចាក់សំរាមបឹងជេីងឯក នៅវេលាល្ងាចថ្ងៃដដែល។
ចំណែកអ្នកបេីកបររថយន្តចំនួន ៣នាក់ ត្រូវបាននាំខ្លួនមកសាកសួរបំភ្លឺនៅនាយកដ្ឋាន ដេីម្បីស្វែងរកម្ចាស់បន្តនីតិវិធីតាមផ្លូវច្បាប់៕