(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ បានដាក់បទបញ្ជាជាថ្មី ឲ្យមន្ដ្រីនគរបាលក្រោមឱវាទទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់ការងារជំនាញ ពង្រឹងតាមដានត្រួតពិនិត្យ ណែនាំដល់មន្រ្តីថ្នាក់ក្រោម ដោះស្រាយការងារនៅសេសសល់។
ការដាក់បទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយទិសដៅអនុវត្ត ឆ្នាំ២០១៩ ដោយយកឯកសារណែនាំ អនុសាសន៍របស់ ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, អនុសាសន៍ណែនាំចង្អុលបង្ហាញរបស់សម្តេចក្រឡាហោម ស ខេង ព្រមទាំងអនុសាសន៍ណែនាំ របស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅក្នុងអង្គសន្និបាក្រសួងមហាផ្ទៃ មកដាក់ជាទិសដៅរបស់ស្នងការ ដើម្បីផ្សព្វផ្សាយបន្តដល់មន្រ្តីនគរបាលចំណុះឲ្យស្នងការខេត្តកំពង់ចាម។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីផែនការងារសេនាធិការ ចំនួន៥០រូប, ផែនការងារធនធានមនុស្សចំនួន៦០រូប, ផែនការងាភស្តុភារ និងគណនេយ្យចំនួន៣៨រូប, ផែនការងារអន្តោប្រវេសន៍ ចំនួន៣២រូប, ផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យចំនួន៣២រូប, ផែនការងារអត្តសញ្ញាណកម្ម ចំនួន៤២រូប, ការិយាល័យអន្តរាគមន៍ ចំនួន៥៧រូប សរុបរួមចំនួន៣១១រូប។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ក៏បានណែនាំឲ្យថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលក្រោមឱវាទទាំងអស់ ត្រូវធ្វើការចេះស្រលាញ់ការងារ មានការអាធ្យាស្រ័យគ្នា សាមគ្គីភាព បម្រើអង្គភាព បម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត៕