(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញបិទសន្និបាតបូកសរុប សភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ និងផ្សព្វផ្សាយទិសដៅការងារបន្ត របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក គង់ វិថាណាក់ អភិបាលរងខេត្តព្រះសីហនុ និងលោក លោកស្រី ជាអភិបាល អភិបាលរង ក្រុង ស្រុក តំណាងសាលាដំបូងខេត្ត ព្រះរាជអាជ្ញា ថ្នាក់ដឹកនាំតាមមន្ទីរ ស្ថាប័នរដ្ឋពាក់ព័ន្ធមួយចំនួន ក្នុងខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨ បទល្មើសព្រហ្មទណ្ឌ កើតឡើងចំនួន១០៥លើក/៨៤លើក (មានការកើនឡើងចំនួន២១លើក ស្មើនិង២៥%) ក្នុងនោះបទល្មើសឧក្រិដ្ឋកើតឡើង២៩លើក/២៥លើក, បទល្មើសមជ្ឈឹម កើតឡើង៧៦លើក/៥៩លើក, បទល្មើសខាងលើបណ្ដាលឲ្យស្លាប់មនុស្ស៥នាក់ (ស្រី) រងរបួសមនុស្ស២១នាក់ ស្រី៣នាក់ បាត់ម៉ូតូចំនួន២គ្រឿង និងសម្ភារផ្សេងជាច្រើនទៀត។
ដោយឡែក លទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើស បានចំនួន១០៣ ស្មើនឹង៩៨% ករណីឃាត់ខ្លួនចំនួន២៣៥នាក់ ក្នុងនោះមាន៖ បទល្មើសឧក្រិដ្ឋ ចំនួន២៩ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន៧៣នាក់ មានជនបរទេសចំនួន៤៨នាក់ (ចិន), បទល្មើសមជ្ឈឹម ចំនួន៧៤ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន១៦២នាក់ ជនបរទេស ចំនួន៤៧នាក់ មាន៤សញ្ជាតិ (ចិន, អាល្លឺម៉ង់, កាហ្សាស្តង់ និងឥណ្ឌា)។ ករណីខាងលើបានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូង។
លោក គង់ វិថាណាក់ អភិបាលរងខេត្ត បានថ្លែងកោតសរសើរចំពោះស្នាដៃរបស់កងកម្លាំងនគរបាលខេត្តព្រះសីហនុ ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ច ថែរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់ បម្រើប្រជាពលរដ្ឋ បានល្អកន្លងមក។ ក្នុងនោះ លោកបានរំលឹកដាស់តឿនឲ្យកងកម្លាំងនគរបាលខេត្តព្រះសីហនុ យកចិត្តទុកលើបញ្ហា៖ សណ្តាប់ធ្នាប់ សាធារណៈ ការកកស្ទះចរាចរណ៍, ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក, ចំពោះជនបរទេសបើកបរយានយន្ត ដោយគ្មានប័ណ្ណបើកបរ, បន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព, ការគ្រប់គ្រងជនបរទេស និងចូលរួមបង្ការ ទប់ស្កាត់ ក្រុមមនុស្ស បង្កភាពអធិបតេយ្យ រំលោភបំពានទន្ទ្រានកាន់កាប់ដីធ្លីរបស់រដ្ឋ របស់ប្រជាពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធិ។ល។
នាយឧត្ដមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ បានផ្តាំផ្ញើក្នុងឱកាសនោះ ដោយបានឯកភាពដល់ការលើកឡើងរបស់លោកអភិបាលរងខេត្ត ព្រមទាំងលើកឡើងអំពីសភាពការណ៍ សន្តិសុខ សកលសន្តិសុខ នយោបាយក្នុងប្រទេស សកម្មភាពក្រុមប្រឆាំង ដែលមានឧបាយកលទុច្ចរិតញុះញង់ បំផ្លាញដល់សន្តិសុខជាតិ។
អគ្គស្នងការរងនគរបាលជាតិរូបនេះ បានណែនាំឲ្យកងកម្លាំងនគរបាល ត្រូវយកចិត្តទុកដាក់លើការងារ ក្តាប់សភាពការណ៍ អំពីសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់សង្គម ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំដាក់ចេញនូវវិធានការ ទប់ស្កាត់ឲ្យបានទាន់ពេលវេលា និងចូលអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឲ្យល្អប្រសើរ៕