(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលសម្តែងការគួរសម និងជម្រាបលា នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងជំនួបនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ចំពោះអ្វីដែលជាការចូលរួមចំណែករបស់សហភាពអឺរ៉ុប ក្នុងដំណើរការអភិវឌ្ឍរបស់កម្ពុជា រយៈពេលកន្លងមក ហើយសម្ដេចក៏បានលើកឡើងថា ទោះបីរយៈពេលចុងក្រោយនេះ ទំនាក់ទំនងកម្ពុជា-អឺរ៉ុប ជួបប្រទះបញ្ហាប្រឈមមួយចំនួន ប៉ុន្ដែសម្ដេចសង្ឃឹមថា អ្វីៗនឹងត្រូវដោះស្រាយ និងធ្វើឲ្យទំនាក់ទំនងល្អឡើងវិញ។
ជាមួយគ្នានេះ លោក George Edgar ក៏បានថ្លែងអំណរគុណចំពោះសម្ដេចក្រឡាហោម ស ខេង ដែលបានជួយសម្រួលដល់ការងាររបស់លោក ដែលបានបំពេញបេសកកម្មការងាររយៈពេលជាង៣ឆ្នាំនៅកម្ពុជា ហើយលោកបានលើកឡើងថា ទោះបីជាគម្រោងមួយចំនួនរបស់សហភាពអឺរ៉ុប ត្រូវបានផ្អាក ប៉ុន្ដែលោករីករាយដែលអឺរ៉ុប បន្ដជួយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបរូបនេះ បានលើកឡើងថា ក្នុងពេលដែលលោកបំពេញការងារនៅកម្ពុជា លោកពិតជាបានមើលឃើញពីវឌ្ឍន៍ភាពរបស់កម្ពុជា បើប្រៀបធៀបទៅនឹង២០ឆ្នាំមុន។ លោកបានសម្ដែងនូវការអបអរសាទរ ចំពោះលទ្ធផលល្អប្រសើរ និងការរៀបចំវេទិកាអង្គការសង្គមស៊ីវិល ជាមួយរដ្ឋាភិបាល ដែលធ្វើអង្គការសង្គមស៊ីវិល និងរដ្ឋាភិបាលធ្វើការយល់គ្នាកាន់តែច្រើន។
ជាការឆ្លើយតប សម្ដេចប្រមុខដឹកនាំក្រសួងមហាផ្ទៃ ក៏បានអរគុណដល់សហភាពអឺរ៉ុប ដែលបានជួយលើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលសម្ដេចសង្ឃឹមថា សហភាពអឺរ៉ុប នឹងបន្ដជួយការងារនេះបន្ថែមទៀត ជាពិសេសក្នុងដំណាក់កាលដែលកម្ពុជាចាប់ផ្ដើមផ្ទេរមុខងារ និងវិស័យសំខាន់ៗមួយចំនួនទៅថ្នាក់ក្រោមជាតិ។
លោក George Edgar បានស្នើដល់រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ គាំទ្រដល់អង្គការសង្គមស៊ីវិលមួយចំនួនដែលធ្វើកិច្ចការលើបញ្ហាការអភិរក្ស ថែរក្សាធនធានធម្មជាតិ ដែលបញ្ហានេះជាផ្នែកមួយធ្វើឲ្យទំនាក់ទំនងរវាងអង្គការសង្គមស៊ីវិលជាមួយអាជ្ញាធរ កាន់តែល្អប្រសើរផងដែរ។ ទន្ទឹមគ្នានេះ សម្ដេច ស ខេង ក៏បានឯកភាពផងដែរ និងបានបញ្ជាក់ថា បញ្ហានេះរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ ហើយសម្ដេចផ្ទាល់ក៏បានទទួលភារកិច្ចនេះផងដែរ៕