(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ដល់មន្ដ្រីនគរបាលជាតិ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។
ក្នុងពិធីនេះក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, អនុប្រធាននាយកដ្ឋាន, នាយការិយាល័យ និងមន្ដ្រីនគរបាលពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ ពិធីនេះ ត្រូវបានធ្វើឡើងនៅសាលាប្រជុំ នៃនាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌។
មន្ដ្រីនគរបាលដែលត្រូវបានផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្ដរស័ក្ដិ ទាំង៤រូបនោះរួមមាន៖
*ទី១៖ លោកវរសេនីយ៍ឯក ជាវ វិបុល នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ទៅជាអនុប្រធាននាយកដ្ឋាន
*ទី២៖ លោកវរសេនីយ៍ឯក ជឹង សៀង ជំនួយការប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ទៅជាអនុប្រធាននាយកដ្ឋាន
*ទី៣៖ លោកវរសេនីយ៍ទោ ឌួង ណាគ្រី ជាអនុប្រធាននាយកដ្ឋាន
*ទី៤៖ លោកវរសេនីយ៍ត្រី ហែម បូណា នាយរងការិយាល័យ ទៅជានាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងតម្លើងឋានន្ដរស័ក្ដិ ទៅជាវរសេនីយ៍ទោ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា បានសម្ដែងនូវការអបអរសាទរចំពោះមន្ដ្រីនគរបាល ដែលត្រូវបានតែងតាំងមុខតំណែង និងតម្លើងឋានន្ដរស័ក្ដិនៅពេលនេះ ព្រោះថាដោយសារថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាល ក៏ដូចជាក្រសួងមហាផ្ទៃ បានមើលឃើញពីកិច្ចខិតខំប្រឹង ក្នុងការបំពេញមុខងារនាពេលកន្លងមក។
ទន្ទឹមនឹងការទទួលបានមុខតំណែងថ្មីនេះ អគ្គស្នងការរងនគរបាលជាតិរូបនេះ ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្ដ្រីនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌទាំងអស់ ត្រូវបានបន្ដខិតខំប្រឹងប្រែងបំពេញមុខងារបន្ថែមទៀត ទៅបានអ្វីដែលថ្នាក់ដឹកនាំប្រគល់ជូន ពិសេសលើការងារបង្ការ និងបង្ក្រាបបទល្មើសនៅក្នុងភូមិសាស្ដ្ររបស់ខ្លួនកាន់កាប់។
លើសពីនេះ លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា ក៏បានជំរុញកម្លាំងនគរបាលព្រហ្មទណ្ឌ ត្រូវតែត្រៀមលក្ខណៈគ្រប់ពេលវេលាទាំងមធ្យោបាយ និងសម្ភារ ត្រួតពិនិត្យល្បាតជាប្រចាំនៅក្នុងមូលដ្ឋាន ដើម្បីសម្ដៅទប់ស្កាត់បទល្មើសគ្រប់ប្រភេទដែលអាចនឹងកើតមានឡើង។ ដោយឡែក សម្រាប់បទល្មើសដែលកើតឡើងហើយនោះ ត្រូវតែខិតខំស្រាវជ្រាវបន្ដទៀត ដើម្បីឈានដល់ការបំបែកសំណុំរឿងតែម្ដង៕