(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ដើម្បីកាត់បន្ថយនូវតម្លៃ នៃការដឹកជញ្ជូនទំនិញយ៉ាងច្រើន មកពីអាស៊ីប៉ាស៊ីហ្វិច និងដើម្បីឱ្យកប៉ាល់អាចចូលចុះចតនៅកំពង់ផែនៅខេត្តព្រះសីហនុបាន រាជរដ្ឋាភិបាលកម្ពុជា បានដាក់សំណើរទៅកាន់ភាគីជប៉ុន ហើយភាគីជប៉ុនក៏បានសម្រេចឱ្យប្រទេសកម្ពុជា ខ្ចីថវិកាជាង២០០លានដុល្លារ មកកសាងកំពង់ផែទឹកជ្រៅមួយទៀតនៅខេត្តព្រះសីហនុ។
រដ្ឋមន្ត្រីក្រសួងសាធារណការ បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការរួមការងារ ដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្របខ័ណ្ឌមហាអនុតំបន់ទន្លេមេគង្គ នៅសណ្ឋាគារសុខាអង្គរខេត្តសៀមរាប។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក Hideaki Iwasaki នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ប្រចាំប្រទេសថៃ រួមទាំងមានការចូលរួម ពីគណៈប្រតិភូមកពីប្រទេសក្នុងតំបន់ មហាអនុតំបន់មេគង្គ រួមមាន ប្រទេសកម្ពុជា ចិន ថៃ វៀតណាម ឡាវ និងប្រទេសមីយ៉ាន់ម៉ា រួមទាំងក្រុមការងារADB អង្គការ DFAT និងអង្គការ GIZ ។
លោកទេសរដ្ឋមន្ត្រី បានថ្លែងថា ប្រទេសមួយៗតែងតែមាននីតិវិធី ក្នុងការប្រមែប្រមូលថវិការដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ហើយចំពោះកម្ពុជាក៏ដូចគ្នាដែរគឺយើងមានប្រាក់សមប្បទាន មកពីភាគីចិន មកពី JICA ADB មកពីធនាគារពិភពលោក ផ្លូវខ្លះក៏បានខ្ចីមកពីថៃ មកពីវៀតណាម យើងមិនរើសអើងនោះទេ ឱ្យតែបានថវិការមកដើម្បីក៏សាងផ្លូវរបស់យើងគឺយើងរើសអើងតែមួយទេ គឺបើផ្លូវនោះគ្មានប្រសិទ្ធភាពសេដ្ឋកិច្ចគឺយើងមិនធ្វើទេ ហើយយើងក៏មិនយកប្រាក់កម្ចីនេះ មកក៏សាងផ្លូវណាដែលគ្មានប្រសិទ្ធភាពជូនសេដ្ឋកិច្ចជាតិនោះទេ ហើយក៏មិនកសាផ្លូវណាដែលប៉ះពាល់បរិស្ថាន នោះដែរ បើប៉ះពាល់បរិស្ងានច្រើនគឺយើងមិនធ្វើនោះទេ ហើយបើផ្លូវណាដែលធ្វើឱ្យសេដ្ឋកិច្ចជាតិរីកចម្រើន គឺយើងនឹងយកថវិការនោះមកធ្វើតែម្តង។
លោកបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា មានការគ្រប់គ្រងប្រាក់កម្ចីនេះបានល្អច្បាស់លាស់ណាស់ បើយើងមើលអត្រាប្រាក់កម្ចីនៅខ្មែរយើង គឺនៅក្រោយ៣០ភាគរយនោះទេ ហើយបើយើងមើល ទៅលើប្រទេសភាគច្រើន អត្រាប្រាក់កម្ចីមានរហូតដល់ ១០០ភាគរយឯណោះ ហើយប្រាក់កម្ចីនេះមិនមែនខ្ចីមកដើម្បីយកទិញឡាន ឫទិញយន្តហោះសម្រាប់ជិះនោះទេ គឺខ្ចីមកកសាងហេដ្ឋា រចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចខ្មែរឱ្យបានរីកចម្រើន។ សេដ្ឋកិច្ចខ្មែរបានរីកចម្រើនរហូតដល់ ៧ភាគរយដូចសព្វថ្ងៃនេះ គឺដោយសារតែមានប្រព័ន្ធនៃការដឹកជញ្ជូននេះឯង ដូចនេះវាគឺមានសារសំខាន់ខ្លាំងណាស់។
លោកទេសរដ្ឋមន្ត្រីបន្ថែមទៀតថា យើងក៏បានខ្ចីថវិការពីជប៉ុន មកកសាងកំពង់ផែទឹកជ្រៅមួយទៀតនៅខេត្តព្រះសីហនុ ដើម្បីឱ្យនាវា ៩៣ភាគរយដែលធ្វើដំណើរមកពីអាស៊ីប៉ាស៊ីហ្វិច អាចចុះចតនៅកំពង់ផែបាន ដើម្បីកាត់បន្ថយនូវតម្លៃនៃការដឹកជញ្ជូន ដែលជាក់ស្តែងសព្វថ្ងៃនេះ មានតែនាវា១៨ភាគរយតែប៉ុណ្ណោះ ដែលអាចូលបាននៅខេត្តព្រះសីហនុ ហើ យត្រូវបន្តតាមកប៉ាល់តូចថែមទៀតទើបអាចចូលដល់ គឺត្រូវចំណាយថវិការច្រើនណាស់ ដូចនេះរាជរដ្ឋាភិបាលបានដាក់សំណើរទៅភាគីជប៉ុន ហើយជប៉ុនក៏បានសម្រេចឱ្យខ្ចីថវិការជាង២០០លានដុល្លារអាមេរិច ដើម្បីមកកសាងកំពង់ផែទឹកជ្រៅមួយទៀតនៅខេត្តព្រះសីហនុ ដើម្បីកាត់បន្ថយចំណាយក្នុងការដឹកជញ្ជូននេះឯង៕