(កំពត)៖ ឧត្តមសេនីយ៍ទោ ហ្វេង ស៊ាន នាយរងសេនាធិការកងទ័ពជើងគោក នៃតំបន់យោធពភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន និងជាតំណាងកងទ័ពរំដោះប្រជាជនចិន បានអះអាងថា តាមរយៈការធ្វើសមយុទ្ធនាគមាស ឆ្នាំ២០១៩ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងក្លាយជាចំណែកមួយចូលរួមចំណែកថែរក្សាការពារសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការ រវាងវិស័យការពារជាតិទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ការអះអាងបែបនេះ របស់មេទ័ពចិន បានធ្វើឡើងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកឧត្តមសេនីយ៍ទោ បានអញ្ជើញចូលរួមជាអធិបតីជាមួយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងពិធីបើកលំហាត់សមយុទ្ធនាគមាស ឆ្នាំ២០១៩ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នៅទីលានបាញ់គ្រាប់ពិតសាលាហ្វឹកហ្វឺនតេជោសែនជុំគីរីរបស់កងពលតូចលេខ៧០ នៅស្រុកជុំគីរី ខេត្តកំពត។
ឧត្តមសេនីយ៍ទោ ហ្វេង ស៊ាន បានថ្លែងយ៉ាងដូច្នេះថា៖ «យើងរួមគ្នាចាប់យកនូវឱកាសថ្មីនេះ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ប្រកបដោយភាពស្មោះត្រង់រួមចំណែក ដើម្បីអភិវឌ្ឍប្រទេសជាតិយើងទាំងពីរ យើងខ្ញុំស្ម័គ្រចិត្តដើរជាមួយភាគីកម្ពុជា ជំរុញលំហាត់សមយុទ្ធនាគមាសនេះ ឱ្យដើរតួនាទីឱ្យកាន់តែសំខាន់ ក្នុងការពង្រីក និងពង្រឹកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែខ្ពស់ជំរុញទំនាក់ទំនងកងទ័ពទាំងពីរ ឱ្យកាន់តែរីកចម្រើន ដើម្បីរួមចំណែកថែរក្សាការពារសន្តិភាព ស្ថិរភាពក្នុងតំបន់»។
លោកបានបន្តថា លំហាត់សមយុទ្ធនាគមាស ឆ្នាំ២០១៩នេះ គឺជាយុទ្ធការជាក់ស្តែងមួយក្នុងការអនុវត្តន៍កូសង់ស៊ីស របស់ថ្នាក់ដឹកនាំកងទ័ពនៃប្រទេសទាំងពីរ ក្នុងការជំរុញឱ្យកាន់តែស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការលើវិស័យយោធា និងចូលរួមជំរុញលើកម្ពស់ សមត្ថភាពនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនឆ្ពោះទៅមុខបន្ថែមទៀត។ តាងនាមឱ្យកងទ័ពរំដោះប្រជាជនចិន សូមសម្តែងការអប់អរសាទរយ៉ាងក្លៀវក្លា ចំពោះការប្រព្រឹត្តទៅពិធីបើកលំហាត់សមយុទ្ធនាគមាស ឆ្នាំ២០១៩ នាឱកាសនេះ។
លោកបានបន្ថែមទៀតថា ក្នុងដំណើរឆ្ពោះទៅមុខជាថ្មី ប្រទេសទាំងពីរបានពាំនាំនូវការរីកចម្រើនថ្មីៗសម្រាប់កងទ័ពប្រទេសទាំងពីរក្នុងនោះ លំហាត់សមយុទ្ធនាគមាស គឺជាដំណើរបេសកម្មថ្មីមួយ ក្នុងយុគសម័យថ្មី ព្រមទាំងបានក្លាយជាសមត្ថផល ដ៏ល្បីឈ្មោះនៅក្នុងកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ចិន ដែលយើងបន្តពង្រឹងនូវទំហំ និងខ្លឹមសារនៃលំហាត់រួមគ្នានៅពេលនេះ និងទៅថ្ងៃអនាគតឱ្យកាន់តែធំ និងសម្បូរបែបលើការហ្វឹកហ្វឺនរួមគ្នាផងដែរ។
លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា លំហាត់នាគមាស នឹងធ្វើឱ្យក្លាយជាស្ពានតភ្ជាប់នូវចំណងមិត្តភាពនៃកងទ័ពទាំងពីរ ជំរុញឱ្យស្មារតី ប្រយុទ្ធដ៏អង់អាច ការតស៊ូអំណត់ធ្មត់ ក្នុងការហ្វឹកហ្វឺនរួមគ្នា ចងទៅជាចំណងមិត្តភាពក្នុងនាមជាយោធិន នៃកងទ័ពទាំងពីរ ដើម្បីជំរុញមិត្តភាព ឱ្យកាន់តែរីកចម្រើនរឹងមាំឆ្ពោះទៅមុខ។
លោកឧត្តមសេនីយ៍ទោ បានបង្ហាញនូវការជឿជាក់ថា លំហាត់សមយុទ្ធនាគមាសនៅឆ្នាំនេះប្រកប និងទទួលបានលទ្ធផលកាន់តែច្រើន កាន់តែលេចធ្លោបន្ថែមទៀត ដូចសុភាសិតមួយបាននិយាយថា នៅរដូវធ្លាក់ខ្យល់ គឺជាពេលវេលាបង្កបង្កើនផលដ៏ល្អបំផុត បច្ចុប្បន្នទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន កំពុងតែឈានចូលការរីកចម្រើនក្នុងដំណាក់កាលថ្មី៕