(ភ្នំពេញ)៖ មុខសញ្ញាលួចម៉ូតូ និងប្រើប្រាស់គ្រឿងញៀនម្នាក់ ដែលធ្លាប់ជាប់ពន្ធនាគារម្ដងរួចមកហើយ ពេលចេញមកវិញបានមួយខែប៉ុណ្ណោះ មិនរាងចាល បែរជាបែកគំនិតលួចម៉ូតូប្អូនស្រីបង្កើតរបស់ខ្លួនវិញម្ដង ដើម្បីយកទៅបញ្ចាំលេងល្បែង និងប្រើប្រាស់គ្រឿងញៀនដដែល តែជាលទ្ធផលជាប់ខ្នោះកម្លាំងនគរបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌ នាវេលាម៉ោង១៨៖២៥នាទីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។
បើតាមការបញ្ជាក់ឲ្យបានដឹងពីលោកអធិការនគរបាលខណ្ឌឫស្សីកែវ មុនឈានដល់ឃាត់ខ្លួនជនសង្ស័យ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងក្រុមទី១ ភូមិខ.១ សង្កាត់ច្រាំងចំរេះ២ ដែលជាមុខសញ្ញាលួចម៉ូតូ និងប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគារម្ដងរួចមកហើយ នោះគឺបានអនុវត្តឡើងភ្លាមៗ ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះជាម្ចាស់ម៉ូតូម៉ាកស៊ុយសូគីនិចធូ ពណ៌ខៀវក្រម៉ៅ ពាក់ស្លាកលេខ ភ្នំពេញ 1HF-5237 ដែលជាប្អូនស្រីបង្កើតរបស់ជនសង្ស័យឈ្មោះ នី ម៉ូតើត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៤៧៥ ក្រុម២ ភូមិក សង្កាត់ច្រាំចំរេះទី២ ខណ្ឌឫស្សីកែវ ជាមួយប្អូនស្រីឈ្មោះ នីហា ហ្វីហ្សស់ អាយុ៣១ឆ្នាំ មុខរបរលក់ដូរ។
លោកវរសេនីយ៍ទោ អធិការនគរបាលខណ្ឌឫស្សីកែវបានបញ្ជាក់ឲ្យបានដឹងទៀតថា តាមការរៀបរាប់ពីជនរងគ្រោះជាប្អូនស្រី គឺនៅថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១០៖០០នាទី រូបគេបានទុកម៉ូតូនៅក្រោមផ្ទះលោកយាយ ហើយក៍នាំភ្ញៀវទៅខេត្តកំពតបាត់ទៅ។ លុះត្រទ្បប់ពីខេត្តមកវិញស្រាប់តែឃើញបាត់ម៉ូតូពីខាងក្រោមផ្ទះទៅហើយ រហូតមកដល់វេលាម៉ោងជាង១៧ល្ងាចថ្ងៃទី១២ ខែមីនា ទើបរូបគេ (ជនរងគ្រោះ) បានមកដាក់ពាក្យបណ្តីងនៅប៉ុស្តិរដ្ឋបាលច្រាំងចំរេះទី២ ដើម្បីឲ្យជួយអន្តរាគមន៍ស្រាវជ្រាវភ្លាមៗ ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្ដង ត្រឹមតែប៉ុន្មានម៉ោងក្រោយប៉ុណ្ណោះ។
បច្ចុប្បន្នជនសង្ស័យជាមុខសញ្ញាលួចម៉ូតូ និងប្រើប្រាស់គ្រឿងញៀន ដែលធ្លាប់ជាប់ពន្ធនាគារម្ដងរួចមកហើយ នោះកំពុងស្ថិតក្រោមការឃុំខ្លួនសាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕