(ភ្នំពេញ)៖ លោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ បានដាក់ចេញនូវរបៀបវារៈសំខាន់ៗមួយចំនួន សម្រាប់មន្ត្រីអនុវត្តឲ្យមានប្រសិទ្ធភាព ដូចជា ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ, ការងារសំណង់ និងការងារបរិស្ថាន ក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពខណ្ឌ ដោយមានការចូលរួមពីគណៈអភិបាល អធិការនគរបាលខណ្ឌ មេបញ្ជាការរង កងរាជអាវុធហត្ថខណ្ឌ ការិយាល័យនានាជុំវិញខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍ និងស្មៀនសង្កាត់ទាំង៧។
ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះ ក្រៅពីការដាក់ចេញនូវរបៀបវារៈសំខាន់ៗ មួយចំនួន លោក ជា ពិសី បានណែនាំចំពោះការត្រួតពិនិត្យ រាល់រថយន្តដឹកជញ្ជូនតទ្រុងខុសបច្ចេកទេស ដឹកលើសទម្ងន់ និងរថយន្តដឹកជញ្ជូនដីខ្សាច់ ជាដើមចម ដែលដឹកហូរធ្លាក់តាមផ្លូវ ធ្វើឲ្យបាត់បង់សោភ័ណ្ឌភាព ត្រូវចាត់វិធានការតាមដានត្រួតពិនិត្យជានិច្ច និងឈានដល់ឃាត់ទុក បើក្នុងករណីមិនស្ដាប់តាមការណែនាំ ដើម្បីយកមករក្សាទុក ជាការព្រមាន។
លោកអភិបាលខណ្ឌឫស្សីកែវរូបនេះ បានធ្វើការណែនាំលើខ្លឹមសារ សហការពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការយកចិត្តទុកដាក់អនុវត្ត គោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព បង្ការ បង្ក្រាប និងលុបបំបាត់បទល្មើសនានា កុំឲ្យកើតមានឡើងក្នុងមូលដ្ឋាន ជាពិសេសល្បែងស៊ីសង និងគ្រឿងញៀន និងបន្តធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះឲ្យបានជាប់ជាប្រចាំ។
ក្រៅពីការងារសន្តិសុខ សណ្តាប់ធ្នាប់ និងអនុវត្តគោលនយោបាយ លោក ជា ពិសី បានជំរុញឲ្យយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងឆាប់រហ័ស ដូចជាសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព ជាដើម ពោលគឺធ្វើឲ្យបាន ឲ្យលឿន និងមានតម្លាភាព និងត្រូវមានក្រុមបដិសណ្ឋារកិច្ចប្រចាំការនៅតាមបណ្ដាសាលាសង្កាត់នីមួយៗ ដើម្បីបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ។
ចុងក្រោយអភិបាលខណ្ឌឫស្សីកែវរូបនេះ បានជំរុញបន្ថែមទៀត លើការងារសម្អាតអនាម័យ ជាប្រចាំតាមដងផ្លូវនានា ដោយតាមបណ្តាសង្កាត់ មានភ្នាក់ងារអនាម័យ និងតាមដានត្រួតពិនិត្យការប្រមូលសំរាមរបស់ ក្រុមហ៊ុន ស៊ុន ទ្រី ក្នុងកិច្ចសហការជាមួយការិយាល័យបរិស្ថានខណ្ឌ និងបន្តចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ លុបបំបាត់ការដាក់តាំងលក់ដូរ ដែលបង្កភាពស្មុកស្មាញលើចិញ្ចើមផ្លូវសាធារណៈ ឲ្យបានល្អប្រសើរតាមមូលដ្ឋាន៕