(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តស្វាយរៀង បានជំរុញដល់អាជ្ញាធរខេត្តស្វាយរៀង ត្រូវពង្រឹងវិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនគ្រប់ប្រភេទ។
នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តស្វាយរៀនារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ លោកស្រី ម៉ែន សំអន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ដោយមានការចូលរួមពីមន្ទីរ អង្គភាពជំនាញនានា រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋនៃខេត្តស្វាយរៀងទាំងមូល ដែលបានខិតខំរួមគ្នាសម្រេចបាន នូវសមិទ្ធផលលើគ្រប់វិស័យ រួមចំណែកក្នុងការថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ រក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
លោកស្រី ម៉ែន សំអន ក៏បានណែនាំដល់រដ្ឋបាលគ្រប់ថ្នាក់ មន្ទីរ អង្គភាព និងកងកម្លាំងមានសមត្ថកិច្ច ក្នុងខេត្តស្វាយរៀងទាំងមូលត្រូវខិតខំរួមគ្នា សម្រេចឲ្យបាននូវកិច្ចការសំខាន់ៗដូចជា៖
*ទី១៖ ការពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ, ទី២៖ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការប្រយុទ្ធប្រឆាំងគឿងញៀន, ទី៣៖ ការគ្រប់គ្រងរក្សាការពារសន្តិសុខ និងការអភិវឌ្ឍតំបន់ព្រំដែន, ទី៤៖ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម, ទី៥៖ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ទី៦៖ ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន, ទី៧៖ ការត្រៀមសម្រាប់គ្រោះរាំងស្ងួត, ទី៨៖ ការពង្រឹងរបៀបរបបការងារ។
ព្រមជាមួយនេះ លោកស្រី បានគូសបញ្ជាក់ឡើងវិញអំពីតួនាទី និងការទទួលខុសត្រូវរបស់អភិបាលខេត្ត ក្រុង ស្រុក មេឃុំ ចៅសង្កាត់ មេភូមិ ក៏ដូចមន្ត្រីសាធារណៈនានា ដែលមានតួនាទីផ្សេងៗក្នុងគណបក្សនយោបាយ ក៏ដូចជា ការចូលរួមក្នុងសកម្មភាពនយោបាយរបស់គណបក្សនយោបាយណាមួយ ត្រូវគោរពឲ្យបានត្រឹមត្រូវនូវច្បាប់ និងលិខិតបទដ្ឋាននានា ពិសេស ច្បាប់ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល ច្បាប់ស្តីពីលក្ខន្តិកៈកងយោធពលខេមរភូមិន្ទ លក្ខន្តិកៈ នគរបាលជាតិ ដែលតម្រូវឱ្យមន្ត្រីសាធារណៈមានអព្យាក្រឹត្យភាព ក្នុងការអនុវត្តមុខងាររបស់ខ្លួន និងមិនត្រូវប្រើប្រាស់ ពេលម៉ោងបំពេញ ការងាររដ្ឋ ទីតាំងស្ថាប័នរដ្ឋ មធ្យោបាយសម្ភាររបស់រដ្ឋ ដើម្បីបម្រើសកម្មភាពនយោបាយរបស់គណបក្សនយោបាយណាមួយនោះឡើយ។
នៅក្នុងការបំពេញតួនាទី ក្នុងមុខងារសាធារណៈ មន្ត្រីសាធារណៈគ្រប់មុខតំណែងត្រូវខិតខំបម្រើកិច្ចការសាធារណៈ រួមទាំងការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ដោយមិនរើសអើងខាងនយោបាយ ការប្រកាន់ក្រុម ឬបក្ខពួកនិយមឡើយ៕