(ភ្នំពេញ)៖ លោក ផៃ ស៉ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា ការជេរប្រមាថតាមរយៈរូបភាពណាក៏ដោយ មិនមែនជាសិទ្ធិនយោបាយ ឬសេរីភាព ក្នុងការបញ្ចេញមតិយោបល់នោះទេ។ នេះបើតាម សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។
ការចេញសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ឲ្យមេធាវីរបស់សម្តេច សិក្សាធ្វើបណ្តឹងដល់អ្នកណា ដែលបានជេរប្រមាថសម្តេច តាមរយៈបណ្តាញសង្គម Facebook។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានជម្រាបជូនដល់ជនរួមជាតិទាំងអស់ ក៏ដូចជាបណ្ដាញសារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាល នូវករណីការញុះញង់ និងបង្កការប្រមាថជីវិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលកើតចេញពីឆន្ទៈ និងជម្រើសរបស់មហាជន គឺជាអំពើប្រឆាំងនឹងច្បាប់។ រាជរដ្ឋាភិបាល ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជាន់ថ្នាក់ មានកាតព្វកិច្ចការពារដាច់ខាតតាមផ្លូវកម្លាំង ក៏ដូចជាផ្លូវច្បាប់ជាធរមាន។
បើតាមសេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាល មិនអនុញ្ញាតជាដាច់ខាតនូវអំពើ ឬសកម្មភាព ដូចគោរពជម្រាបជូនខាងលើ ត្បិតអំពើទាំងនោះជាសកម្មភាពមួយប៉ះពាល់ដល់សន្តិសុខជាតិ និងជម្រើសរបស់ប្រជាពលរដ្ឋខ្មែរ ហើយអំពើទាំងនោះ មិនត្រូវបានទទួលស្គាល់ជាសិទ្ធិនយោបាយ ឬសេរីភាពក្នុងការបញ្ចេញយោបល់នោះឡើយ។ ការិយាល័យអ្នកនាំពាក្យ សូមអំពាវនាវដល់សាធារណជន សូមលោកមេត្តាចៀសឱ្យឆ្ងាយពីភាពឧទ្ទាមកម្ម ដែលមានការចាត់តាំងជាប្រព័ន្ធនេះ»។
សូមជម្រាបថា ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយកម្មករនិយោជិតក្នុងខេត្តកោះកុង នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចកំពុងតែឱ្យក្រុមមេធាវីរបស់សម្តេច សិក្សាដើម្បីឈានទៅដល់ការប្តឹងទៅតុលាការ ចំពោះជនទាំងឡាយ ដែលបានប្រមាថដល់សម្តេច នៅលើបណ្តាញសង្គម Facebook។ នៅក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា សារប្រមាថរបស់សម្តេចនោះមានមិនតិចជាង ៣០នោះទេ។
បើតាមការទម្លាយរបស់សម្តេចតេជោ ហ៊ុន សែន, អ្នកប្រមាថនៅលើបណ្តាញសង្គម Facebook ដែលសម្តេច គ្រោងនឹងប្តឹងទៅតុលាការខាងមុខនេះ គឺជាអតីតថ្នាក់ដឹកនាំជាន់ខ្ពស់ របស់អតីតគណបក្សប្រឆាំង ដែលតុលាការកាត់ទោសរំលាយចោលកាលពីចុងឆ្នាំ ២០១៧។ ទោះជាយ៉ាងណាសម្តេចមិនបានបង្ហើបចំឈ្មោះចំពោះ បុគ្គលនោះនៅឡើយទេ។
នាពេលកន្លងទៅ ដើម្បីភាពសុខដុមរមនា និងសេចក្តីថ្លៃថ្នូរក្នុងសង្គមកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើទៅដល់អ្នកលេង Facebook ទាំងអស់បញ្ឈប់នូវការជេរប្រមាថគ្នា ដែលកន្លងមក ទង្វើបែបនេះបានធ្វើឱ្យបាត់បង់សីលធម៌ខ្មែរ មានការអាប់ឱនជាបន្តបន្ទាប់ផងដែរ។
យោងតាមក្រមព្រហ្មទណ្ឌ មាត្រា៣០៧ (បទល្មើសជេរប្រមាថជាសាធារណៈ) បានបញ្ញតិ្ដថា៖ «គ្រប់ពាក្យប្រមាថ គ្រប់ពាក្យមើលងាយ ឬគ្រប់ពាក្យទ្រគោះ ដែលគ្មានការទំលាក់កំហុស ទៅលើអំពើណាមួយគឺជាការជេរប្រមាថ»។ មានន័យថា ប្រសិនបើបុគ្គលម្នាក់ ឬមួយក្រុម ប្រើពាក្យពេចន៍មិនសមរម្យដូចជាជេរប្រទេច ឬ ដោយពាក្យមើលងាយ ទៅបុគ្គលណាម្នាក់ ឬមួយក្រុម ដោយគ្មានចេតនាទំលាក់កំហុសចំពោះអំពើណាមួយនោះទេ វាគឺជាការជេរប្រមាថ។
បទជេរប្រមាថជាសាធារណៈ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលជាប្រភេទនៃបទលហុ និងមានទណ្ឌកម្មត្រឹមតែពិន័យជាប្រាក់តែប៉ុណ្ណោះ ហើយបទលើ្មសប្រភេទនេះវាមាននីតិវិធី ពិសេសសម្រាប់ការធ្វើបណ្ដឹងចោទប្រកាន់ ដោយពាក្យបណ្ដឹងធ្វើឡើងដោយសាមីខ្លួន ឬស្ថាប័នសាមី គឺជាលក្ខខណ្ឌចាំបាច់នៃការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ហើយបណ្ដឹងអាជ្ញាក៏ត្រូវរលត់ ដោយការដកបណ្ដឹងរបស់សាម៉ីខ្លួន ឬស្ថាប័នសាមីផងដែរ៕
ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល៖