(កំពង់ធំ)៖ នៅមន្ទីរសង្គមកិច្ចអតីតយុវជន និងយុវនីតិសម្បទាខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ បានរៀបចំកិច្ចប្រជុំស្ដីពីការកំណត់អត្តសញ្ញាណ និងការប្រមូលទិន្នន័យកុមារពិការភាព ដែលកំពុងរស់នៅក្នុងមណ្ឌលថែទាំកុមាររបស់រដ្ឋ និងមណ្ឌលថែទាំកុមាររបស់អង្គការ ក្រោមអធិបតីភាពលោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតិសម្បទា។
លោក ញ៉ឹក វណ្ណារ៉ា បានថ្លែងថា ពិធីនេះគឺការវាយតម្លៃកម្រិតស្តង់ដារកុមារពិការភាពកាយសម្បទា កុមារពិការភាពផ្នែកសរីរាង្គ កុមារពិការផ្នែកសតិបញ្ញា និងផ្លូវចិត្ត និងកុមារពិការភាពផ្សេងៗទៀត ដែលរស់នៅតាមមណ្ឌលរបស់រដ្ឋ ឬអង្គការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬស្ថិតក្រោមកម្មវិធីនានារបស់អង្គការសង្គមស៉ីវិល គឺដើម្បីរៀបចំបណ្ដាញគាំទ្រដល់កុមារមានពិការភាព អ្នកផ្ដល់សេវាគ្រួសារ និងធនធានសម្រាប់កុមារពិការភាពការវាយតម្លៃ ក៏ផ្ដល់នូវការចង្អុលបង្ហាញពីវិធីសាស្ត្រសិក្សាតម្រូវការរបស់កុមារ និងផ្គត់ផ្គង់ការថែទាំឲ្យបានសមរម្យ។
លោកបន្តថា ក្នុងការលើកទឹកចិត្តកុមារពិការភាពនេះ ត្រូវតែសហការជាមួយមណ្ឌល ឬអង្គការដៃគូធ្វើការទំនាក់ទំនងគ្នា ជួយក្រុមគ្រួសារកុមារទាំងនោះឲ្យទាន់ពេលវេលា ដើម្បីទទួលបានចំណេះដឹងដូចកុមារដទៀត ហើយឈ្មោះរបស់ពួកគាត់ នឹងត្រូវចុះបញ្ជីរង់ចាំសម្រាប់ការធ្វើសមារណកម្ម ប៉ុន្តែកាលបរិច្ឆេទនៃការដាក់ពាក្យសុំធ្វើសមារណកម្ម ត្រូវបានរក្សាទុកដោយនាយកដ្ឋានសុខុមាលភាពកុមារ។
លោកបានសង្កត់ធ្ងន់ទៅលើការកំណត់អត្តសញ្ញាណ និងប្រមូលទិន្នន័យកុមារពិការភាព ដែលកំពុងរស់នៅមណ្ឌលថែទាំកុមាររដ្ឋ និងមណ្ឌលថែទាំរបស់អង្គការ សូមឲ្យប្រធាន អនុប្រធានមន្ទីរនិងស្ថាប័នដៃគូពាក់ព័ន្ធទាំងអស់ចុះផ្សព្វផ្សាយ និងស្រង់ស្ថិតិកុមារដែលពិការភាពនៅតាមមូលដ្ឋាន ដើម្បីឲ្យពួកគាត់ទទួលបាននូវសេវាអប់រំដូចកុមារដទៃទៀតដែរ។
លោក អ៊ាប ឈុនស្រៀង ប្រធានមន្ទីរសង្គមកិច្ចអតីតយុវជននិងយុវនីតិសម្បទាខេត្តកំពង់ធំ បានធ្វើរបាយការណ៍ពីឧបករណ៍វាយតម្លៃស្តង់ដារ ការធ្វើអត្តសញ្ញាណកម្មកុមារពិការ សម្រាប់សេវាថែទាំកុមារមានពិការភាព ដើម្បីកំណត់អត្តសញ្ញាណកុមារមានពិការភាព ដែលមានតម្រូវការថែទាំពិតប្រាកដ ជួយផ្គត់ផ្គង់ពួកគេជាមួយប្រភេទនៃសេវាកម្មសមរម្យ ដើម្បីធានាបាននូវសេវាកម្មទាន់ពេលវេលា សម្រាប់កុមារពិការនៅប្រទេសកម្ពុជា។
លោកថ្លែងថាឧបករណ៍វាយតម្លៃបានបង្កើតឡើងបន្ទាប់ពីរយៈពេលពីរឆ្នាំ នៃការរៀបចំលម្អិតដែលបានមកពីការខិតខំប្រឹងប្រែង ដោយក្រុមការងារមានអ្នកជំនាញពហុវិស័យ និងឪពុកម្ដាយសហគមន៍ ដែលបានផ្ដល់សុពលភាពនិងភាពជឿជាក់។ ដូចនេះដើម្បីឲ្យកុមារពិការទាំងអស់ទទួលបានការអប់រំបណ្ដុះបណ្ដាលដូចកុមារដទៃ ត្រូវចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយ នៅតាមមណ្ឌល ឬកន្លែងដែលកុមាពិការររស់នៅ៕