(កំពត)៖ ស្របពេលដែលលំហាត់នាគមាសឆ្នាំ២០១៩ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានចាប់ផ្តើមបើកជាផ្លូវការ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងទឹកដីខេត្តកំពត នាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា លំហាត់ហ្វឹកហ្វឺនមួយនេះ មិនមានការគំរាមគំហែងអ្នកណាទាំងអស់។
នាយឧត្តមសេនីយ៍អ្នកនាំពាក្យរូបពាក្យរូបនេះ បានបញ្ជាក់តាម Facebook របស់ខ្លួនយ៉ាងដូច្នេះថា៖ «លំហាត់ហ្វឹកហ្វឺន មិនមានការគំរាមគំហែង អ្នកណាទាំងអស់ ផ្ទុយទៅវិញសមយុទ្ធនេះ គឺជាការបង្ហាញនូវការចូលរួមថែរក្សា សន្តិសុខក្នុងតំបន់ តាមរយៈការផ្លាស់ប្តូរបទពិសោធគ្នាតែប៉ុណ្ណោះ ជាពិសេសបទពិសោធ ប្រយុទ្ធ ប្រឆាំង អំពើភេវរកម្ម ជួយសង្គ្រោះប្រជាពលរដ្ន ពេលមានគ្រោះមហន្ហរាយធម្មជាតិជាដើម»។
លំហាត់នាគមាសឆ្នាំ២០១៩ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានចាប់ផ្តើមបើកជាផ្លូវការ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ នៅទីលានបាញ់គ្រាប់ពិតសាលាហ្វឹកហ្វឺនតេជោសែនជុំគីរី របស់កងពលតូចលេខ៧០ នៅស្រុកជុំគីរី ខេត្តកំពត។
លំហាត់ហ្វឹកហ្វឺននេះ មានកងទ័ពរំដោះប្រជាជនចិនចូលរួមចំនួន២៥២នាក់ និងមានកងទ័ពកម្ពុជាចំនួន២.៥៤២នាក់ ក្នុងនោះមាន៖ កម្លាំងធ្វើលំហាត់ចំនួន៣៨២នាក់, កម្លាំងបម្រើការក្នុងលំហាត់ចំនួន៤៤៨នាក់, កម្លាំងចូលរួមក្នុងពិធីបើក-បិទ ចំនួន១.៦៨៥នាក់។ លំហាត់នេះមានរយៈពេលជិត១ខែ ដោយនឹងបិទបញ្ចប់នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។ អាវុធយុទ្ធភ័ណ្ឌសំខាន់ៗ ដែលប្រើប្រាស់នៅក្នុងលំហាត់នាគមាសឆ្នាំនេះ រួមមានដូចជា៖ រថពាសដែក, រថក្រោះ, កាំភ្លើងធំ, កាំភ្លើងត្បាល់, ឧទ្ធម្ភាចក្រ, អាវុធគាំទ្រពីលើអាកាស ជាដើម។
នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ថា លំហាត់ហ្វឹកហ្វឺននាគមាស ផ្តោតសំខាន់លើប្រធានបទកិច្ចការមនុស្សធម៌ និងការប្រឆាំងភេវរកម្ម ដែលជាឱកាស សម្រាប់កងទ័ពប្រទេសទាំង២ ត្រូវសិក្សារៀនសូត្រទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈ សម្រាប់បំពេញភារកិច្ចការពារប្រទេសជាតិ កាន់តែមានប្រសិទ្ធភាព និងខ្លាំងក្លាថែមទៀត។ មិនតែប៉ុណ្ណោះ លំហាត់នាគមាស ឆ្នាំ២០១៩ គឺជាការចូលរួមចំណែកជំរុញទំនាក់ទំនងមិត្តភាព កម្ពុជា- ចិន ឱ្យកាន់តែរឹងមាំខ្លាំងក្លា ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន។
បើតាមអ្នកនាំពាក្យក្រសួងការពារជាត, បច្ចុប្បន្ននេះ ទំនាក់ទំនងចិន-កម្ពុជា បានឈានដល់ចំណុចកំពូល និងល្អជាងពេលណាៗទាំងអស់ ដែលមិត្តភាពជាដែកថែបនេះបានកើតឡើង ក្នុងដំណាក់កាលដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងលោក ស៉ី ជីនពីង ប្រធានាធបិតីចិន។ ប្រទេសកម្ពុជា និងប្រទេសចិន នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំនេះបន្ថែមទៀត ដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។
សូមរំលឹកដែរថា កងទ័ពកម្ពុជា-ចិន បានធ្វើលំហាត់នាគមាស នៅក្នុងប្រទេសកម្ពុជា ចំនួន២លើករួចមកហើយ ដោយលើកទី១ នៅឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨។ ភាគីទាំងពីរបានឯកភាពធ្វើបង្កើតឱ្យមានលំហាត់ហ្វឹកហ្វឺននេះ រៀងរាល់១ឆ្នាំម្តង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិយោធា។ លំហាត់នាគមាស ឆ្នាំ២០១៩ ត្រូវបានគេមើលឃើញថា មានលក្ខណៈទ្រង់ទ្រាយធំ ដោយមានកម្លាំងទ័ព និងសព្វាវុធចូលរួមច្រើនជាងមុនផងដែរ៕