(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានស្នើឲ្យធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជួយស្ថាបនាផ្លូវអមផ្លូវរថភ្លើងប្រវែងជាង១០គីឡូម៉ែត្រ ចាប់ពីក្រោយសាសាលា តិចណូ ដល់មហាវិថីវិមានឈ្នះឈ្នះ( អូឌឹម)។

ការស្នើសុំបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី សាន់នីយ៉ា ឌូរ៉ានី ចាមែល (Sunniya Durrani-Jamal) នាយកតំបន់របស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឲ្យរាជធានីភ្នំពេញ មានការរីកចម្រើនយ៉ាងខ្លាំង។ ទន្ទឹមនឹងការរីកចម្រើននេះ រាជធានីភ្នំពេញ ក៏បានប្រឈមនឹងបញ្ហាមួយចំនួនផងដែរ ដូចជា បញ្ហាការកកស្ទះចរាចរណ៍ និងបញ្ហាសំរាមជាដើម។

ជុំវិញបញ្ហាប្រឈមទាំងនេះ អភិបាលរាជធានី ក៏បានស្នើសុំឲ្យធនាគារអភិវឌ្ឍន៍អាស៊ីជួយដើម្បីដោះស្រាយបញ្ហាទាំងនេះផងដែរ។ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទៅលើការកកស្ទះចរាចរណ៍នេះ លោកអភិបាលរាជធានីបានស្នើសុំឲ្យធនាគារអភិវឌ្ឍន៍អាស៊ី ជួយស្ថាបនាផ្លូវអមផ្លូវរថភ្លើងចាប់ពីក្រោយសាលាតិចណូរហូតដល់ ផ្លូវវិមានឈ្នះឈ្នះ( ផ្លូវអូដឹម )ដែលមានប្រវែងជាង១០គីឡូម៉ែត្រ។

លោកបញ្ជាក់ថា «ផ្លូវនេះពិតជាមានសារសំខាន់ ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ លើបណ្តោយផ្លូវរុស្ស៊ី និងស្របពេលដែលរាជរដ្ឋាភិបាល គ្រោងបើកផ្លូវថ្មីមួយទៀតចាប់ពីមហាវិថីឈ្នះ ឈ្នះ (អូឌឹបកប់ស្រូវ) ផ្លូវរហូតទៅដល់ក្រុងព្រះសីហនុ ដែលជាប្រភេទផ្លូវ BOT»។

ដោយឡែក ពាក់ព័ន្ធនឹងបញ្ហាសំរាម, លោកអភិបាលរាជធានី ក៏បានស្នើសុំឲ្យធនាគារអភិវឌ្ឍន៍អាស៊ី ជួយជ្រោមជ្រែងផងដែរ ខណៈដែលការដោះស្រាយបញ្ហាសំរាម នៅតែមានបញ្ហាប្រឈមនៅឡើយ។

ជាការឆ្លើយតបលោកស្រី សាន់នីយ៉ា ឌូរ៉ានី ចាមែល បានទទួលយកការស្នើសុំពីរដ្ឋបាលរាជធានីភ្នំពេញ ដោយរងចាំឲ្យក្រុមការងារធ្វើការចុះសិក្សា លើបញ្ហាកកស្ទះចរាចរណ៍ ដើម្បីរកវិធានការដោះស្រាយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកស្រីបានបញ្ជាក់ថា ការដោះស្រាយជួយជ្រោមជ្រែងទៅលើរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើឡើងជាកញ្ចប់ធំមួយ ដោយមិនអាចធ្វើ ឡើងដាច់ដោយដុំនោះទេ ហើយការងារជាច្រើនខាង ADB ក៏បានជួបពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុហើយដែរ។

ក្នុងជំនួបពិភាក្សាការងារនោះដែរ លោកស្រីក៏បានសម្ដែងនូវការ កោតសរសើរចំពោះភាពរីកចម្រើនរបស់រាជធានីភ្នំពេញ ក្នុងអំឡុងពេលចុងក្រោយនេះ ដោយមានកំណើនយានយន្តកំណើនមនុស្ស និងកំណើនអចនទ្រព្យផងដែរ។

បើយោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលរាជធានីឲ្យដឹងថា ជំនួបនេះធ្វើឡើងដើម្បីពិភាក្សា និងស្នើរសុំព័ត៌មានពាក់ព័ន្ធ និងគម្រោងនៃការអភិវឌ្ឍន៍សំខាន់ៗ ក្នុងរាជធានីភ្នំពេញពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ សំរាប់ត្រៀមរៀបចំខ្លឹមសារសេចក្តីព្រៀង ក្នុងបេសកកម្ម កម្មវិធីសំរាប់ប្រទេសជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។

គួរបញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ កំពុងអនុវត្តគម្រោងជំនួយបច្ចេកទេស និងការផ្លាស់ប្តូរព័ត៌មានស្ថានភាពគមនាគមន៍ក្នុងទីក្រុងជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងចំនួនទឹកប្រាក់ប្រមាណ ជាង១លានដុល្លារ ដែលជាមូលនិធិជប៉ុន សំរាប់កាត់បន្ថយភាពក្រីក្រនឹងផ្តល់ចំនួនជាង១លាន ហើយគម្រោងនេះចាប់អនុវត្តពីថ្ងៃទី០៦ មេសាឆ្នាំ២០១៨រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១៕