(ស្វាយរៀង)៖ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានស្នើយ៉ាងទទូចដល់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ សូមកុំមានការពាក់ព័ន្ធជាមួយការជួញដូរគ្រឿងញៀន ឬការធ្វើអាជីវកម្មផ្លូវភេទជាដើម កន្លែងអាជីវកម្មនីមួយៗត្រូវប្រាកដថាមានភាពសុចរិត និងជាប្រភពការងារនៃយុវជនយុវតីខ្មែរ មិនមែនជាកន្លែងបំផ្លាញអនាគត ឬបង្ខូចកិត្យានុភាពជាតិឡើយ។
លោកស្រីរដ្ឋលេខាធិការ ថ្លែងយ៉ាងដូច្នេះធ្វើឡើងក្នុងពិធីផ្សព្វផ្សាយអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អមជាមួយវគ្គបណ្តុះបណ្តាលស្តីពីការបញ្រ្ជាបយេនឌ័រក្នុងវិស័យទេសចរណ៍ ជូនដល់ប្រតិបត្តិករ សេវាករទេសចរណ៍ មន្ត្រីអង្គភាពពាក់ព័ន្ធ សហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តស្វាយរៀង។
លោកស្រី ហ៊ុន ដានី បានថ្លែងថា «វិស័យទេសចរណ៍កម្ពុជា គឺជាទេសចរណ៍វប្បធម៌ និងធម្មជាតិ។ យើងមានសក្តានុពលជាច្រើនណាស់ ដែលត្រូវបង្ហាញដល់ភ្ញៀវទេសចរ រួមមាន សម្បត្តិបេតិកភណ្ឌវប្បធម៌មនុស្សជាតិ ប្រាសាទបុរាណ និងធនធានធម្មជាតិ បូករួមទាំងប្រពៃណីទំនៀមទម្លាប់ផងដែរ ដែលបុព្វបុរសដូនតាខ្មែរបានបន្សល់ទុក។ យើងមានភារកិច្ចថែរក្សា ការពារ និងប្រើប្រាស់ធនធានទាំងនេះជាប្រយោជន៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តនៅកម្ពុជា»។
ក្នុងន័យនេះ លោកស្រីរដ្ឋលេខាធិការបានស្នើឲ្យគ្រប់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ គោរពច្បាប់ស្តីពីទេសចរណ៍ ក៏ដូចជាច្បាប់របស់ប្រទេស ពិសេសជៀសឆ្ងាយពីអំពើពេស្យាចារ ការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ការជួញដូរគ្រឿងញៀនជាដើម។ល។ ពីព្រោះវាផ្ទុយនឹងច្បាប់ ហើយក៏វាខុសនឹងក្រមសីលធម៌។ កន្លែងអាជីវកម្មនីមួយៗត្រូវប្រាកដថាមានភាពសុច្ចរិត ថ្លៃថ្នូរ និងជាប្រភពការងារនៃយុវជនយុវតីខ្មែរ ពោលគឺមិនមែនជាកន្លែងដែលបំផ្លាញអនាគត ឬបង្ខូចកិត្យានុភាពជាតិឡើយ។
ដោយឡែក វគ្គផ្សព្វផ្សាយនៅពេលនេះ ក្រសួងទេសចរណ៍បានធ្វើឡើងនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស ដើម្បីបានជ្រួតជ្រាបពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកំពូលនៃកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ចំពោះស្រ្តីទាំងក្នុងស្ថាប័នរដ្ឋ ឯកជន និងស្រ្តីទូទៅនៅទូទាំងប្រទេស។ ពិសេសក្រសួងទេសចរណ៍ ក្រោមការដឹកនាំរបស់លោករដ្ឋមន្រ្តី ថោង ខុន តែងបានគិតគូរពីបញ្ហាស្រ្តី ដែលបម្រើការក្នុងវិស័យនេះ ដើម្បីទទួលបានភាព សុខដុមនីយកម្មសង្គម ចៀសវាងបានពីការរើសអើងគ្រប់ប្រភេទ ការរំលោភបំពាន អំពើហិង្សា ការកេងប្រវ័ញ្ច និងការធ្វើអាជីវកម្មផ្លូវភេទ។ ស្ត្រី និងបុរស គឺមានក្នុងពាក្យ Gender។ ដូច្នេះហើយទើបបេសកកម្មរបស់លោកស្រី គឺធ្វើឲ្យបុរស និងស្ត្រីចេះយល់គ្នា និងលើកតម្លៃឲ្យគ្នា កុំឲ្យគ្រាន់តែឃើញគ្នាជាស្រី្តម៉ាស្សា ឬខារ៉ាអូខេបង្កើតការមាក់ងាយភ្លាម នោះជាការភាន់ច្រឡំធំណាស់ពីព្រោះថា រាល់ាការងារអ្វីក៏ដោយឲ្យតែសុច្ចរិតសុទ្ធតែមានតម្លៃដូចគ្នា ប៉ុន្តែទន្ទឹមនឹងនោះស្ត្រីខ្លួនឯងក៏ត្រូវធ្វើខ្លួនឲ្យសមរម្យថ្លៃថ្នូរជាមុនដែរ មុននឹងឲ្យអ្នកដទៃ ឬបុរសគេគោរពឲ្យតម្លៃយើង។
ស្ត្រីមិនត្រូវបណ្តែតបណ្តោយខ្លួនឲ្យធ្លាក់ក្នុងអំណាច នៃការអូសទាញណាមួយ ដែលនាំឲ្យខ្លួនបាត់បង់តម្លៃ កិត្តិយស ឬកេរ្តិ៍ឈ្មោះជាស្រី្តខ្មែរ។ បើទោះជាស្ត្រីខ្លះបម្រើការងារយប់ តែបើយើងប្រកាន់ជំហរខ្លួនឯងឲ្យរឹងមាំ ក៏គ្មានអ្នកណាអាចមកប្រមាថ មាក់ងាយយើងបានដែរ។
លោកស្រីរដ្ឋលេខាធិការបានរំលេចពីតួនាទី និងសារ:សំខាន់របស់ស្ត្រីក្នុងការរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ជាតិ ឲ្យមានការរីកចម្រើនជាលំដាប់ ដោយហេតុថា នៅក្នុងកម្លាំងពលកម្មនៃវិស័យទេសចរណ៍ គឺមានស្ត្រីដល់ទៅជាង ៦០% កំពុងបម្រើការនៅគ្រប់សេវាកម្មទាំងអស់ ហើយក្រសួងកំពុងជំរុញបន្ថែម លើកទឹកចិត្តស្ត្រីឲ្យមានការចូលរួមកាន់តែច្រើនក្នុងវិស័យសេដ្ឋកិច្ច និងឈោងចាប់យកជំនាញត្រឹមត្រូវច្បាស់លាស់ ដើម្បីឆ្លើយតបនឹងតម្រូវការការងារ និងកំណើនឡើងនៃភ្ញៀវទេសចរដែលមកកាន់កម្ពុជា ស្របតាមនិយាម «បុគ្គលិកម្នាក់ជំនាញមួយ» និង «សេវាមួយស្តង់ដាមួយ»។
លោកស្រីរដ្ឋលេខាធិការ ក៏បានផ្សព្វផ្សាយពីព្រឹត្តិការណ៍បុណ្យទន្លេ ដែលនឹងប្រារព្ធធ្វើនៅខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១៥-១៧ ខែមីនានេះ និងសូមអញ្ជើញប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរចូលរួមកម្សាន្តសប្បាយឲ្យបានច្រើនកុះករ ដែលពិធីបើកជាផ្លូវការស្ថិតក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕