(ភ្នំពេញ)៖ បន្ទាប់ពីទទួលបាននូវការគាំទ្រជាច្រើន តាមរយៈកម្មវិធីវិទ្យុថ្មី ដែលបានដំណើរការអស់រយៈពេលបីអាទិត្យ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត នាពេលថ្មីៗនេះ បានរៀបចំជាការសំណេះសំណាលជាមួយអតិថិជន ដែលឈ្នះរង្វាន់ពីកម្មវិធី «វីងឈ្នះឥតល្ហែ» នៅការិយាល័យកណ្តាលរបស់ខ្លួន។
កម្មវិធីសំណេះសំណាលជាមួយអតិថិជននេះ មានការចូលរួមពីអតិថិជនមួយចំនួនដែលបានឈ្នះរង្វាន់ ក៏ដូចជាពិធីករនៃស្ថានីយ៍វិទ្យុ ដែលបានសហការជាមួយធនាគារក្នុងការផ្សាយផ្ទាល់នូវកម្មវិធី «វីងឈ្នះឥតល្ហែ» នេះ។ អតិថិជនដែលចូលរួមក្នុងពីធិសំណេះសំណាលនេះ ស្ថិតនៅក្នុងចំណោមអតិថិជន ក៏ដូចជាភ្នាក់ងារវីងទាំង ៣០០នាក់ ដែលបានឈ្នះរង្វាន់ទឹកប្រាក់១០ម៉ឺនរៀល ក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ។
ថ្លែងក្នុងពិធីសំណេះសំណាលនេះ លោក ស្រ៊ុន ឈាងស្រេង នាយកគ្រប់គ្រងពាណិជ្ជកម្មអតិថិជន នៃធនាគារឯកទេសវីង បានលើកឡើងថា កម្មវិធីវិទ្យុ «វីងឈ្នះឥតល្ហែ» ត្រូវបានបង្កើតឡើង ដើម្បីអបអរសាទរគម្រប់ខួប ១០ឆ្នាំ ដែលធនាគារឯកទេសវីង បានផ្តល់សេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា និងធ្វើការថ្លែងអំណរគុណដល់អតិថិជនវីងទាំងអស់ ដែលតែងតែគាំទ្រនូវផលិតផល និងសេវាកម្មរបស់ធនាគារឯកទេសវីង។
លោក ស្រ៊ុន ឈាងស្រេង បានបន្តថា «បន្ថែមលើការទំនាក់ទំនងទៅកាន់អតិថិជន ដើម្បីផ្តល់ជារង្វាន់ទឹកប្រាក់ ១០ ម៉ឺនរៀលទៅកាន់គណនីវីងរបស់ពួកគាត់ កម្មវិធីវិទ្យុ «វីងឈ្នះឥតល្ហែ» ក៏មានបំណងបង្កើត ជាវេទិកាដែលអតិថិជនអាចចូលរួមផ្តល់ជាយោបល់ ឬមតិផ្សេងៗ ពាក់ព័ន្ធនឹងសេវាកម្មរបស់វីងផងដែរ។ សម្រាប់ជំហានបន្ទាប់ យើងក៏មានគម្រោងធ្វើឲ្យកម្មវិទ្យុនេះ ក្លាយជាវេទិកាសម្រាប់ផ្តល់ជាចំណេះដឹង ពាក់ព័ន្ធនឹងសេវាកម្មហិរញ្ញវត្ថុ តាមរយៈកិច្ចពិភាក្សា ជាមួយអ្នកជំនាញនៃធនាគារឯកទេសវីងផងដែរ»។
លោក ឡា គឹមសើ អតិថិជន ម្នាក់ ក្នុងចំណោម ០៤នាក់ ដែលបានចូលរួមក្នុងពិធីសំណេះសំណាលនេះ បានថ្លែងថា លោកពិតជាមានអារម្មណ៍រំភើប និងភ្ញាក់ផ្អើលមែនទែន ពេលដែលពិធីវិទ្យុធ្វើការហៅទូរស័ព្ទមកកាន់គាត់ ដើម្បីផ្តល់ជារង្វាន់ទឹកប្រាក់១០ម៉ឺនរៀលនេះ។
លោក ឡា គឹមសើ បានប្រាប់ឲ្យដឹងថា «ពេលដែលខ្ញុំកំពុងប្រកបរបររត់រ៉ឺម៉កកង់បី ស្រាប់តែមានពិធីករវិទ្យុហៅទូរស័ព្ទមកខ្ញុំ និងប្រាប់ថាខ្ញុំ បានឈ្នះរង្វាន់ពីធនាគារវីង។ ពេលនោះ ក្នុងចិត្តខ្ញុំដូចជារីករាយផង តែក៏មាន ការងឿងឆ្ងល់ដែរថា ហេតុអ្វីបានជាខ្ញុំឈ្នះរង្វាន់។ បន្ទាប់ពីពិធីករវិទ្យុពន្យល់ និងបានធ្វើការផ្ទេរប្រាក់១០ម៉ឺនរៀល ចូលទៅក្នុងគណនីវីង ខ្ញុំមានអារម្មណ៍រំភើបមែនទែន និងបានប្រាប់ព័ត៌មាននេះ ទៅកាន់មិត្តភក្តិ និងបងប្អូនសាច់ញាតិខ្ញុំឲ្យគាត់បានដឹងផងដែរ»។
តាមរយៈកម្មវិធីវិទ្យុចំនួន០៥ ដែលគ្របដណ្តប់ស្ទើរតែគ្រប់ទីកន្លែង នៅក្នុងប្រទេសកម្ពុជា កម្មវិធីវិទ្យុ «វីងឈ្នះឥតល្ហែ» ដែលមានរយៈពេល ០១ម៉ោងនេះ នឹងផ្តល់នូវព័ត៌មានស្តីអំពីប្រូម៉ូសិនជាច្រើនរបស់វីង។
អ្វីដែលរឹតតែពិសេស និងគួរឲ្យចាប់អារម្មណ៍បំផុតនៅក្នុងកម្មវិធីនេះ គឺវគ្គដែលពិធីករវិទ្យុធ្វើការហៅទូរស័ព្ទ ទៅកាន់អតិថិជនវីងចំនួន ៥នាក់ និងផ្តល់ភាពភ្ញាក់ផ្អើល ដល់ពួកគាត់ដោយផ្ទេរប្រាក់ចំនួន១០ម៉ឺនរៀល ទៅកាន់គណនីវីងរបស់ពួកគាត់។ រង្វាន់សរុបដែលវីង នឹងចែកជូនទៅអតិថិជនតាមរយៈកម្មវិធីវិទ្យុនេះ គឺសរុប៥០០លានរៀល។
រាល់អតិថិជនវីងទាំងអស់ (រួមបញ្ចូលទាំងភ្នាក់ងារវីង) សុទ្ធតែមានសិទ្ធិទទួលបានរង្វាន់នេះ ដោយគ្រាន់តែដំណើរការបញ្ចូលទឹកប្រាក់ ទូរស័ព្ទតាមរយៈកម្មវិធីស្មាតហ្វូនវីង ឬនៅតាមភ្នាក់ងារវីង។ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ អតិថិជនដែលឈ្នះរង្វាន់ចំនួន ២៥នាក់ (០៥នាក់ជាភ្នាក់ងារវីង) នឹងត្រូវបានជ្រើសរើស ដើម្បីធ្វើការហៅទូរស័ព្ទទៅកាន់ពួកគាត់ និងធ្វើការផ្ទេរទឹកប្រាក់រង្វាន់ភ្លាមៗ ទៅកាន់គណនីវីងរបស់ពួកគាត់។
កម្មវិធីវិទ្យុ «វីងឈ្នះឥតល្ហែ» នឹងចាក់ផ្សាយពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ នៅស្ថានីយ៍វិទ្យុចំនួន០៥ រួមមានវិទ្យុ វាយោ ១០៥.៥ នៅវេលាម៉ោង ៧ ព្រឹក វិទ្យុមណ្ឌលព័ត៌មានស្រ្តី ១០២ នៅវេលាម៉ោង៩ព្រឹក វិទ្យុទន្លេ ១០២.៥ នៅវេលាម៉ោង១២ថ្ងៃត្រង់វិទ្យុស្ត្រី នៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា អេហ្វអឹម ១០៣.៥ នៅវេលាម៉ោង១ល្ងាច និងវិទ្យុហង្សមាស ១០៤.៥ នៅម៉ោង ៥ ល្ងាច។
អតិថិជនវីង ក៏អាចចូលរួមជាមួយកម្មវិធីនេះផងដែរ ដោយសារតែការផ្សព្វផ្សាយតាមវិទ្យុមួយចំនួន នឹងត្រូវបានផ្សាយបន្តផ្ទាល់ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារឯកទេសវីង។ លើសពីនេះទៀត វានឹងមានការសាកល្បងជាច្រើនទាក់ទង នឹងកម្មវិធីវិទ្យុនៅលើទំព័រហ្វេសប៊ុក សម្រាប់អតិថិជន ដើម្បីទទួលបានអំណោយផ្សេងៗទៀតផងដែរ៕