(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ចេញអនុក្រឹត្យតែងតាំងអភិបាលរងខេត្ដព្រះសីហនុ ចំនួន២រូប ជំនួសលោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ ប៊ុនវណ្ណៈ។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។
ក្នុងអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មន្ដ្រីដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ ទាំង២រូបនោះ រួមមាន លោក លៀម សុដា និងលោក ម៉ាង ស៊ីណេត។ លោក លៀម សុដា បច្ចុប្បន្នជាអភិបាលរង ខេត្តឧត្តរមានជ័យ និងលោក ម៉ាង ស៊ីណេត ជាមន្ដ្រីគ្រប់គ្រងរដ្ឋបាល ក្រសួងពាណិជ្ជកម្ម។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ បានចេញអនុក្រឹត្យបញ្ចប់មុខតំណែង អភិបាលរងខេត្តព្រះសីហនុ ២រូប គឺលោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ ប៊ុនវណ្ណៈ។ សម្ដេចបញ្ជាក់ថា បានចាត់ទុកថា ការដកអភិបាលរងខេត្តព្រះសីហនុទាំង២រូបនេះ គឺជាការយកគ្រាប់គ្រូស និងខ្សាច់ចេញពីស្បែកជើង ទើបអាចដើរទៅមុខទៀតបាន៕