(កោះកុង)៖ បន្ទាប់ពីបញ្ចប់ពិធីជួបសំណេះសំណាល ជាមួយកម្មករ និយោជិតប្រមាណ១៣,៨៦៦នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ នៅក្នុងខេត្តកោះកុង នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្ដអញ្ជើញកាត់ខ្សែបូរ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិទ្យាល័យ «ហ៊ុន សែន ចាំយាម» នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ថ្លែងក្នុងពិធីនោះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សមិទ្ធិផលថ្មីដែលដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាពេលនេះមានអគារថ្មី ចំនួន៤ខ្នង ស្នើ៤៤បន្ទប់ ក្នុងនោះរួមមាន៖

* ក៖ សាលាបឋមសិក្សា ហ៊ុន សែន ចាំយាម៖ អគារទីចាត់ការ និងបណ្ណាល័យ ១ខ្នង ៣បន្ទប់ (ផ្ដល់ជូនបន្ថែម ម៉ាស៊ីនកុំព្យូទ័រ ៥គ្រឿង, ម៉ាស៊ីនព្រីនធ័រ៣គ្រឿង, ម៉ាស៊ីនថតចម្លង២គ្រឿង)។

* ខ៖ វិទ្យាល័យ និងអនុវិទ្យាល័យ ហ៊ុន សែន ចាំយាម៖ * អគារសិក្សា១ខ្នង សង់៣ជាន់ ១បន្ទប់, * អគារទីចាត់ការ និងបណ្ណាល័យ១ខ្នង ៣បន្ទប់ (ផ្ដល់ជូនបន្ថែម ម៉ាស៊ីនកុំព្យូទ័រ៥គ្រឿង, ម៉ាស៊ីនព្រីនធ័រ៣គ្រឿង, ម៉ាស៊ីនកុំព្យូទ័រ៥គ្រឿង, ម៉ាស៊ីនព្រីនធ័រ៣គ្រឿង, ម៉ាស៊ីនថតចម្លង២គ្រឿង), * អគារអន្ដេវាសិកដ្ឋាន១ខ្នង សង់២ជាន់ ២០បន្ទប់។

ក្រៅពីអគារសិក្សា ក៏មានហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងបរិវេណសាលារៀន ដូចជា៖

១៖ ផ្លូវបេតុងមេ ប្រវែង៣០០ម៉ែត្រការ៉េ
២៖ ផ្លូវបេតុង មុខថ្នាក់ ប្រវែង១,៧៤០ម៉ែត្រការ៉េ
៣៖ តារាង បាល់ទាត់ ចំនួន១
៤៖ តារាង បាល់បោះ ចំនួន១
៥៖ តារាង បាល់ទះ ចំនួន១
៦៖ ក្លោងទ្វារ ធំ ចំនួន១
៧៖ ដងទង់ជាតិ ចំនួន១
៨៖ ឧបករណ៍ និងសម្ភារទឹក ចំនួន១ឈុត
៩៖ របង ខាងមុខ ប្រវែង៧៣ម៉ែត្រ
១០៖ របង ចំហៀង និងក្រោយ ប្រវែង ៤១៤ម៉ែត្រ។

នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងទៀតថា សមិទ្ធិផលថ្មី ដែលដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាពេលនេះគឺបានចំណាយថវិកា សាងសង់សរុបចំនួន១,០៧៥,៦២០ដុល្លារ ក្នុងនោះ៖ អគារសិក្សា, ទីចាត់ការ និងអន្ដេវាសិកដ្ឋាន ចំនួន៩២២,០៣៩ ដុល្លារ។ ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងសាលារៀន ចំនួន១៥៣,៥៨១ដុល្លារ (ចាប់ផ្ដើមសាងសង់ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ និងបញ្ចប់នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨)។

នៅក្នុងឱកាសនោះដោយមើលឃើញ ពីការខ្វះខាតអគារសិក្សា និងដោយសម្ដេចបានមើលឃើញថា អនាគតនៃការសិក្សារបស់សិស្សនៅទីនេះ នឹងមានការកើនឡើងផងដែរនោះ សម្តេចតេជោ ក៏សម្រេចផ្តល់ជូននូវអគារសិក្សា២ខ្នងបន្ថែមទៀត ដោយ១ខ្នង មាន៣ជាន់ ស្មើនឹង១៨បន្ទប់។ ក្នុងនោះក៏មានការផ្តល់ជូនបន្ថែម នូវអគារស្នាក់នៅរបស់សិស្សបន្ថែមទៀត គឺ១ខ្នង ២ជាន់ មាន២០បន្ទប់ថែមទៀតផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានសំណូមពរឲ្យក្មួយៗ សិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានពូកែ ជាពិសេសនៅពេលដែលទទួលបាន នូវអគារសាលាថ្មីនេះ និងត្រូវធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋក្នុងសង្គម នាពេលអនាគត។

សម្ដេចតេជោ ហ៊ុន សែន ក៏បាននាំអំណោយជូនសិស្សានុសិស្ស១,០៤២នាក់ ក្នុងម្នាក់ទទួលសៀវភៅចំនួន២ក្បាល ប៊ិច១ដើម និងលុយចំនួន១ម៉ឺនរៀល និងលោកគ្រូ អ្នកគ្រូ ៤៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន៥ម៉ឺនរៀល។ ដោយឡែកអ្នកគ្រូមានផ្ទៃពោះ ចំនួន៣នាក់ ម្នាក់ៗទទួលបាន១លានរៀល។

បន្ទាប់ពីពិធីកាត់ខ្សែបូររួច សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញពិនិត្យមើលអគារសាលារៀន អគារទីចាត់ការដែលទើបសាងសង់រួចរាល់នេះ។ បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ សម្តេចតេជោ បានសំដែងនូវការអបអរសាទរ ចំពោះសមិទ្ធផលអប់រំ នៃវិទ្យាល័យចាំយាម នៃខេត្តកោះកុងនេះ ក្នុងការបំរើការបណ្តុះបណ្តាលធនធានមនុស្សនៅទីនេះ៕