(ភ្នំពេញ)៖ នេះជាលើកទីមួយហើយ នៅប្រទេសកម្ពុជា ក្នុងការបង្កើតកម្មវិធីសប្បុរសធម៌ បែបទំនើប ដែលអនុញ្ញាតឲ្យសាធារណជន អាចក្លាយជាវីរបុរស ក្នុងនាមអ្នកជួយកុមារឈឺ និងក្រីក្រកម្ពុជា ដោយគ្រាន់តែជាវទឹកវីតាល់ តាមបណ្តាទូរម៉ាស៊ីនស្វ័យប្រវត្តិ នៅតាមផ្សារទំនើប ក្នុងរាជធានីភ្នំពេញ។
«អ្នកជាវីរបុរស» ឬ “Be a HERO” គឹជាកម្រោងកម្មវិធីរៀបចំឡើង នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដោយក្រុមហ៊ុន អ៊ិនវីស៊ី ផលិតទឹកពិសាវីតាល់ សហការជាមួយក្រុមហ៊ុនម៉ាស៊ីន លក់ទឹកស្វ័យប្រវត្តិ និងមន្ទីពេទ្យកុមារអង្គរខេត្តសៀមរាប។ កម្មវិធីនេះនឹងបរិច្ចាគ១០០% នៃការលក់ទឹកវីតាល់ពីទូរស្វ័យ ប្រវត្តិជូនដល់មន្ទីពេទ្យកុមារអង្គរ។
លោកស្រី ជឹង សុគន្ធាវី អគ្គនាយិការក្រុមហ៊ុន អិនវីស៊ី ខបភើរេសិនវីតាល់ បានឲ្យដឹងថា គម្រោងកម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណងធំៗ៣ ដែល ទី១. ដើម្បីពង្រឹងវប្បធម៍ចែករំលែក ទី២.គឺដើម្បីផ្សារភ្ជាប់កម្មវិធីសប្បុរសធម៌ ជាមួយនឹងម៉ាស៊ីនបែបទំនើប និងទី៣.ចូលរួមចំណែកក្នុងការ ជួយព្យាបាលកុមារក្រីក្រកម្ពុជា ជាមួយមន្ទីពេទ្យកុមារអង្គរ។
លោកស្រីបន្តថា ផ្អែកលើការគាំទ្រខ្លាំងពីអតិថិជននេះបាន ធ្វើឲ្យមូលនិធិ២៥៛ របស់វីតាល់ មានកញ្ចប់កាន់តែធំ និងធ្វើឲ្យក្រុមការងារវីតាល់ មានកំលាំងចិត្តយ៉ាងមុតមាំ ក្នុងការពាំនាំមកនូវកម្មវិធី សប្បុរសធម៌ល្អៗ យ៉ាងសកម្មជាច្រើនរូបភាពទៀត ក្នុងសង្គមដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជាជាមួយរដ្ឋាភិបាល។
តំណាងមន្ទីពេទ្យកុមារអង្គរ លោក ឈុំ ឆេងហេង ប្រធានផ្នែករៃអង្គាស មូលនិធិសម្រាប់មន្ទីពេទ្យ កុមារអង្គរ បានសម្តែងក្តីសប្បាយរីករាយ ដោយមោទភាព ចំពោះការសហការជាមួយវីតាល់ សម្រាប់កម្រោងកម្មវិធី «ក្លាយជាវីរបុរស» ព្រោះកម្មវិធីនេះប្លែក ដែលមិនធ្លាប់មានទេនៅកម្ពុជា លោកក៏រំពឹងថា ប្រជាពលរដ្ឋកម្ពុជា ទូទៅ ជាពិសេសយុវជនកម្ពុជា នឹងគាំទ្រជាវទឹកពី ម៉ាស៊ីន ស្វ័យប្រវត្តិ ឲ្យបានច្រើនដើម្បីបង្កើន ចំណូលដល់មូលនិធិ។
«អ្នកជាវីរបុរស» នឹងធ្វើឡើងរយៈពេលពីរខែ ចំពោះម៉ាស៊ីលលក់សម្ភារៈទាំង១៨ទូ ទាំងរាជធានី ដែល១៦ទូរ មានទីតាំងនៅផ្សារទំនើបអ៊ីអនទី១ និង២ទូរនៅផ្សារទំនើប Eden Garden។ វីតាល់រំពឹងថា នឹទទួលបានមូលនិធិប្រមាណជាង ៤ពាន់ដុល្លាអាមេរិក ដើម្បីគាំទ្រដល់មន្ទីពេទ្យកុមារអង្គរ ហើយអ្នកាណាៗ ក៏អាចចូលរួមបាន ដោយគ្រាន់ តែជាវទឹកវីតាល់តាម ទូរស្វ័យប្រវត្តិដែលនៅជិតលោកអ្នក៕