(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ បានបើកយុទ្ធនាការចាប់រថយន្តធុនធំជាង៤០គ្រឿង ដែលបើកចូលក្រុងខុសម៉ោង តាមការកំណត់របស់អាជ្ញាធរនាពេលកន្លងទៅ។
លោក សែម គន្ធា នាយការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ក្រោមបញ្ជារបស់អភិបាលរាជធានីភ្នំពេញ និងស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃនេះកម្លាំងរបស់លោក បានបើកយុទ្ធនាការចុះចាប់រថយន្តដឹកទំនិញធុនធំ នៅតាមផ្លូវ២០០៤ បានជាង៤០គ្រឿង ដែលរថយន្តទាំងនេះបានបើកចូលក្រុងខុសម៉ោងកំណត់។ ម៉ោងកំណត់ ដែលអាជ្ញាធរមិនបានអនុញ្ញាតឲ្យរថយន្តធុនធំបើកចូលក្រុង ចាប់ពីម៉ោង៦ទៅ៩ព្រឹក និងនៅម៉ោង៤រសៀល ដល់ម៉ោង៨យប់។
សម្រាប់រថយន្តទាំងនេះ ត្រូវបានលោក សែម គន្ធា ប្រាប់ទៅម្ចាស់រថយន្តទាំងនោះ យកឯកសាររថយន្តមកផ្ទៀងផ្ទាត់ និងធ្វើកិច្ចសន្យាឡើងវិញចំពោះការបើកចូលក្រុង។ សូមបញ្ជាក់ថា យុទ្ធនាការ ចាប់រថយន្តធុនធំខាងលើនេះ បានធ្វើឡើងបន្ទាប់ពីម្សិលមិញ នៅច្រម្រុះស្ទឹងមានជ័យ មានការរិះគន់របស់មហាជនលើរថយន្តធុនធំមួយគ្រឿង បានបើកបុកបណ្តាលឲ្យស្រី្តម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម ដោយមហាជន បានបន្ទោសថា អាជ្ញាធរ និងសមត្ថកិច្ចអនុញ្ញាតឲ្យរថយន្តធុនធំចូលក្រុងខុសម៉ោង។
បើតាមលោក សែម គន្ធា សាលារាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ដោយកំណត់ថា រថយន្ដធុនធំទាំងឡាយត្រូវហាមការបើក ចូលក្នុងទឹកដីខណ្ឌចំនួន៤ រួមមាន៖ ខណ្ឌដូនពេញ, ខណ្ឌ៧មករា, ខណ្ឌទួលគោក និងខណ្ឌចំការមន៕