(ភ្នំពេញ)៖ លោក សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មឲ្យដឹងថា ការជំរុញពាណិជ្ជកម្មការនាំចេញ-ចូលរវាងកម្ពុជា-ជប៉ុន ជាចំណែកមួយក្នុងការជំរុញ កំណើនសេដ្ឋកិច្ច, វិនិយោគ និងទេសចរណ៍របស់ប្រទេសកម្ពុជា។
ការលើកឡើងបែបនេះរបស់លោក សំ សិរីវតន៍ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងសិក្ខាសាលាស្ដីពី « Changing Trade and Investment Landscape in Asean And Cambodia» នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។
លោក សំ សិរីវតន៍ បានឲ្យដឹងថា «មជ្ឈមណ្ឌលអាស៊ាន-ជប៉ុនតែងតែជួយគាំទ្រ ដល់កម្មវិធីជំរុញពាណិជ្ជកម្មនៅកម្ពុជាដូចជា អាស៊ានទាំងមូលផងដែរ។ ជាក់ស្ដែង ក្នុងថ្ងៃនេះមជ្ឈមណ្ឌល អាស៊ាន-ជប៉ុនបានរៀបចំសិក្ខានេះឡើង ដើម្បីផ្ដល់ទស្សនៈថ្មីៗ និងការផ្លាស់ប្ដូរបរិយាការសអាជីវកម្មអន្ដរជាតិ ដែលមានឥទ្ធិពលលើការបង្កើត គោលនយោបាយពាណិជ្ជកម្ម និងវិនិយោគដោយផ្ដោតសំខាន់លើ Non-Equity Mode នៃការអនុវត្ត។
លោកបន្ដថា ជាក់ស្ដែងការជំរុញពាណិជ្ជកម្មការនាំចេញ-ចូលផលិតផល រវាងប្រទេសជប៉ុន និងកម្ពុជា ជាចំណែកនៃការជំរុញកំណើនសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ និងទេសចរណ៍។ ក្នុងនោះតម្លៃនៃការនាំចេញទំនិញពី ជប៉ុនមកកម្ពុជាមានទឹកប្រាក់៣៥៨,០៧៤ពាន់លានដុល្លារ ចំណែកទំនិញកម្ពុជានាំទៅជប៉ុនវិញមានទឹកប្រាក់១,២៦២,៨៩៨ពាន់ដុល្លារក្នុងឆ្នាំ២០១៧។
លោកបន្ថែមថា សម្រាប់ទំនិញដែលត្រូវបាននាំពីកម្ពុជាទៅជប៉ុនរួមមាន៖ វាយណ្ឌភាព, ស្បែកជើង, ស្បៀងអាហារ និងគ្រឿងអេឡិចត្រូនិកជាដើម។ ចំណែកឯជប៉ុននាំចូលមកកម្ពុជា រួមមាន៖ ស្បៀងអាហារ, ទំនិញឧស្សហកម្ម, ផលិតផលពេទ្យ, គ្រឿងម៉ាស៊ីន, ឡាន និងគ្រឿងអេឡិចត្រូនិក។
លោកបញ្ជាក់ថា មិនតែប៉ុណ្ណោះជប៉ុនកំពុងតែ វិនិយោគផ្នែកឧស្សាហកម្មធុនស្រាល និងធ្ងន់នៅកម្ពុជាព្រមទាំងធ្វើការវិនិយោគទៅលើគ្រឿងអេឡិចត្រូនិច និងផ្នែកស្វ័យប្រវត្តិកម្ម។
លោកបញ្ជាក់បន្ថែមថា ទាំងនេះសបញ្ជាក់ឱ្យឃើញថា កម្ពុជា-ជប៉ុនជាដៃគូពាណិជ្ជកម្ម និងវិនិយោគធ្វើឱ្យមានការរីកចម្រើនសេដ្ឋកិច្ចជាតិ និងមានកិច្ចសហប្រតិបត្តិការល្អនឹងគ្នា៕