(ភ្នំពេញ)៖ ក្រសួង-ស្ថាប័នជំនាញចំនួន២៥ របស់រាជរដ្ឋាភិបាល នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ បានចាប់ផ្តើមកិច្ចប្រជុំពិភាក្សាដើម្បីកំណត់មុខងារ និងធនធានជាក់លាក់នានា តាមវិស័យនីមួយៗរបស់ក្រសួង ដើម្បីធ្វើសមាហរណកម្មការិយាល័យជំនាញនានា ទៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុង-ស្រុក ស្របតាមគោលការណ៍នៃរដ្ឋបាលឯកភាព។
កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅក្រោមជាតិ (គ.ជ.អ.ប) ដោយសហការជាមួយលេខាធិការដ្ឋានកំណែទម្រង់រដ្ឋបាលសាធារណៈ និងអគ្គលេខាធិការដ្ឋានកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
តំណាងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដែលជាយន្តការតំណាងសម្លេង និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ក៏មានវត្តមាននៅក្នុងកិច្ចប្រជុំនេះផងដែរ។
លោក ង៉ាន់ ចំរើន បានថ្លែងថា ការកំណត់នូវមុខងារ និងធនធានជាក់លាក់តាមវិស័យនីមួយៗ ទៅឱ្យរដ្ឋបាលក្រុង ស្រុក ស្របតាមរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងថ្មីនេះ គឺជាកិច្ចការចាំបាច់ និងជាអាទិភាព ដើម្បីធានាដល់ការលើកកម្ពស់ប្រសិទ្ធភាព និងគណនេយ្យភាពក្នុងការបំពេញតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលក្រុង ស្រុក ក្នុងនាមជារដ្ឋបាលមូលដ្ឋានក្នុងការផ្តល់ សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
កិច្ចប្រជុំនាពេលព្រឹកថ្ងៃទី១៣ ខែមីនា នេះ តំណាងក្រសួងចំនួន១០ ពិភាក្សាលើ «វិស័យសេដ្ឋកិច្ច»។ នាពេលរសៀលថ្ងៃដដែលនេះ តំណាងក្រសួងចំនួន ៦ នឹងពិភាក្សាលើ «វិស័យសង្គមកិច្ច»។
ដោយឡែក នៅថ្ងៃទី១៤ ខែមីនា តំណាងក្រសួងចំនួន៦ នឹងពិភាក្សាលើវិស័យរអប់រំ វិស័យសុខាភិបាល ការរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ វិស័យព័ត៌មាន និងវិស័យយុត្តិធម៌៕