(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ស្អែកនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងក្រសួងអប់រំ យុវជន និងកីឡា (MoEYS) នឹងប្រារព្ធពិធីចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចពិភាក្សាស្តីពី «គម្រោងបង្កើតប្រព័ន្ធបណ្តុះធុរកិច្ចថ្មីរវាងសាលា និងវិស័យឧស្សាហកម្ម នៅប្រទេសកម្ពុជា» នៅទីស្តីការរបស់ក្រសួងអប់រំយុវជននិងកីឡា។
កំណត់ហេតុនៃកិច្ចពិភាក្សា នឹងត្រូវចុះហត្ថលេខាដោយ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី ប៊ែក ស៊ុកហ៊ី (Baek Sook Hee) អនុប្រធាន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា)។
យោងតាមកំណត់ហេតុនៃកិច្ចពិភាក្សា គម្រោងនេះត្រូវបានបង្កើតឡើង ដើម្បីបង្កើតការចាប់ផ្តើមប្រព័ន្ធអេកូ និងបណ្តាញទីផ្សារនៅកម្ពុជា តាមរយៈ ការបង្កើតប្រព័ន្ធមួយ ដើម្បីជំរុញការបង្កើតក្រុមហ៊ុនថ្មីៗ នៅតាមបណ្តាសាកលវិទ្យាល័យដែលឈានមុខគេនៅកម្ពុជា។
គម្រោងនេះ នឹងត្រូវបានអនុវត្តរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ដោយផ្អែកលើការរៀបចំក្របខ័ណ្ឌ ស្តីពីជំនួយឥតសំណង ដែលបានអនុម័តជាផ្លូវការ លើការអនុម័តគម្រោងនេះ ដោយផ្នែកនៃរដ្ឋាភិបាលកូរ៉េ។
រដ្ឋាភិបាលកូរ៉េ នឹងផ្តល់ជំនួយឥតសំណងដែលមានទឹកប្រាក់ចំនួន ៧លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការសាងសង់ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីកម្ពុជា-កូរ៉េ (CKIC) និងគាំទ្រការកសាងសមត្ថភាពសម្រាប់ ប្រតិបត្តិការ មជ្ឍមណ្ឌល ពង្រឹងការប្រកួតប្រជែងចាប់ផ្តើមធុរកិច្ចថ្មី និងផ្សព្វផ្សាយការគាំទ្រ កម្មវិធីការចាប់ផ្តើមធុរកិច្ចនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។
លើសពីនេះទៀត គម្រោងនេះនឹងបង្កើតការងារ ដែលមានគុណភាពខ្ពស់ និងលើកកម្ពស់ជំនាញវិជ្ជាជីវៈ ក្នុងវិស័យឧស្សាហកម្ម ខណៈដែល KOICA មានគម្រោងដាក់មូលដ្ឋានគ្រឹះ សម្រាប់ពង្រីកឧស្សាហកម្ម នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីពង្រឹងការប្រកួតប្រជែងថ្នាក់ជាតិ ពីចក្ខុវិស័តរយៈពេលវែង។ គម្រោងនេះក៏នឹងរួមចំណែកក្នុងការផ្សារភ្ជាប់គម្លាត រវាងសមត្ថភាពសិក្សា និងតម្រូវការទីផ្សារដើម្បីលើកកម្ពស់ឧស្សាហូបនីយកម្ម ប្រកបដោយនិរន្តរភាពនៅកម្ពុជា៕