(ភ្នំពេញ)៖ ជំរឿនទូទៅប្រជាជនកម្ពុជា ដែលមានរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់១៣ ខែមីនា ឆ្នាំ២០១៩ នឹងត្រូវបិទបញ្ចប់នៅថ្ងៃនេះហើយ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីក្រសួងផែនការ បញ្ជាក់ប្រាប់ Fresh News នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ។

មន្ត្រីដដែលបញ្ជាក់ថា ការធ្វើជំរឿនប្រជាជនទូទៅនេះ នៅតាមខេត្តផ្សេងៗបានបញ្ចប់ជាបណ្តើរៗហើយ លើកលែងតែរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ប៉ុណ្ណោះដែលមិនទាន់បញ្ចប់ដោយសារទីតាំងជំរឿន មានលក្ខណៈស្មុគស្មាញច្រើន។ ទោះជាយ៉ាងនេះក្តី មន្ត្រីជំរឿនកំពុងតែញាប់ដៃញាប់ជើង ដើម្បីឲ្យដំណើរការជំរឿនបញ្ចប់ ដូចតាមការគ្រោងទុក។

សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន តែងតែអំពាវនាវដល់ជនរួមជាតិគាំទ្រ និងចូលរួមការធ្វើជំរឿនទូទៅប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា និងត្រូវចូលរួមផ្ដល់ព័ត៌មានតាមសំណួរ សម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ ជូនមន្ដ្រីធ្វើជំរឿនប្រជាជន។

សម្តេចតេជោ ហ៊ុន​​ សែន បានបញ្ជាក់ថា ការធ្វើជំរឿននេះ វាមានសារសំខាន់ខ្លាំងណាស់ និងជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ និងច្បាស់លាស់ព្រមទាំងបានកំណត់ចរិកលក្ខណៈ ស្ថានភាពរស់នៅពិតប្រាកដ របស់ប្រជាជននៅទូទាំងប្រទេស។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើជំរឿនប្រជាជនកម្ពុជានេះ នឹងអាចឲ្យយើងបានទិន្នន័យប្រជាសាស្ត្រពិតប្រាកដរបស់ប្រទេស និងជួយឲ្យរដ្ឋាភិបាលអាចរៀបចំតាក់តែង គោលនយោបាយបានត្រឹមត្រូវ ព្រមទាំងការអនុវត្តកម្មវិធីផ្សេងៗ ឲ្យទទួលបានតុល្យភាព នៃការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស៕