(ភ្នំពេញ)៖ លំហាត់នាគមាសឆ្នាំ២០១៩ រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន បានចាប់ផ្តើមបើកជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ នៅទីលានបាញ់គ្រាប់ពិតសាលាហ្វឹកហ្វឺនតេជោសែនជុំគីរីរបស់កងពលតូចលេខ៧០ ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។
ពិធីបើក លំហាត់នាគមាស ឆ្នាំ២០១៩ បានធ្វើឡើងក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និង ឧត្តមសេនីយ៍ទោ ហ្វេង ស៊ាង (Feng Xiang) នាយរងសេនាធិការ កងទ័ពជើងគោគ នៃតំបន់យោធភូមិភាគខាងត្បូង របស់កងទ័ពរំដោះប្រជាជនចិន ដោយមានការចូលរួមពីភ្ញៀវជាតិ អន្តរជាតិ អនុព័ន្ធយោធា អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
តាមរបាយការណ៍បានបង្ហាញថា លំហាត់ហ្វឹកហ្វឺននេះ មានកងទ័ពរំដោះប្រជាជនចិនចូលរួមចំនួន២៥២នាក់ និងមានកងទ័ពកម្ពុជាចំនួន២.៥៤២នាក់ ក្នុងនោះមាន៖ កម្លាំងធ្វើលំហាត់ចំនួន៣៨២នាក់, កម្លាំងបម្រើការក្នុងលំហាត់ចំនួន៤៤៨នាក់, កម្លាំងចូលរួមក្នុងពិធីបើក-បិទ ចំនួន១.៦៨៥នាក់។ លំហាត់នេះមានរយៈពេលជិត១ខែ ដោយនឹងបិទបញ្ចប់នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។
នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា លំហាត់ហ្វឹកហ្វឺននាគមាស ឆ្នាំ២០១៩ ធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការមនុស្សធម៌ ការជួយសង្គ្រោះគ្រោះមហន្តរាយ ការប្រឆាំងភេវរកម្ម ការរក្សាសន្តិភាពផងដែរ។
សូមបញ្ជាក់ថា កម្ពុជា-ចិន បានធ្វើលំហាត់នាគមាសចំនួន២លើករួចមកហើយ នៅក្នុងទឹកដីខេត្តកំពតនេះ ដោយលើកទី១ នៅឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨។ លំហាត់នាគមាស ឆ្នាំ២០១៩ ត្រូវបានគេមើលឃើញថា មានលក្ខណៈទ្រង់ទ្រាយធំ ដោយមានកម្លាំងទ័ព និងសព្វាវុធចូលរួមច្រើនជាងមុន។
អាវុធយុទ្ធភ័ណ្ឌសំខាន់ៗ ដែលប្រើប្រាស់នៅក្នុងលំហាត់នាគមាសឆ្នាំនេះ រួមមានដូចជា៖ រថពាសដែក, រថក្រោះ, កាំភ្លើងធំ, កាំភ្លើងត្បាល់, ឧទ្ធម្ភាចក្រ, អាវុធគាំទ្រពីលើអាកាស ជាដើម៕