(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៣,៨៦៦នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ នៅក្នុងខេត្តកោះកុង។ ពិធីសំណេះសំណាលនេះ នឹងប្រារព្ធធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានឲ្យដឹងថា កម្មករ និយោជិត ដែលជួបសំណេះសំណាលជាមួយសម្តេចតេជោនៅថ្ងៃស្អែកនេះ មកពីស្រុកមណ្ឌលសីម៉ាចំនួន៦ និងស្រុកស្រែអំបិលចំនួន១។ រោងចក្រ សហគ្រាសទាំង៧នេះ មានអ្នកវិនិយោគមកពីប្រទេសជប៉ុនចំនួន២, ថៃចំនួន៣, កូរ៉េចំនួន១, និងហូឡង់ចំនួន១។
បើតាមលោករដ្ឋមន្ត្រី អ៉ិត សំហេង រោងចក្រ សហគ្រាសទាំងនេះរួមមាន រោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១, ដេរប៉ាក់ចំនួន១, ផលិតខ្សែបង្គំអេឡិចត្រូនិករថយន្តចំនួន១, ផលិតគ្រឿងអេឡិចត្រូនិកចំនួន១, ផលិតបាល់ចំនួន១, ដំឡើងរថយន្តចំនួន១ និងផលិតស្ករសចំនួន១។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ផលិតផលដែលផលិតបាននៅរោងចក្រ សហគ្រាសទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។
ខេត្តកោះកុងធ្លាប់ជាអតីតតំបន់សមរភូមិប្រយុទ្ធកាលពីសម័យសង្គ្រាម និងជាខេត្តដាច់ស្រយាលមួយរបស់កម្ពុជា គ្មានផ្លូវគមនាគមន៍ និងជាច្រកសេដ្ឋកិច្ចក្នុងសម័យកម្ពុជាត្រូវទទួលរងនូវទណ្ឌកម្មសេដ្ឋកិច្ចដ៏អយុត្តិធម៌ពីខាងក្រៅ។ ប៉ុន្តែមកដល់ពេលបច្ចុប្បន្នក្រោមការដាក់ចេញនូវនយោបាយអភិវឌ្ឍន៍ពោរពេញដោយប្រសិទ្ធភាពខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ខេត្តកោះកុងបានក្លាយជាខេត្តមានសក្តានុពលក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម វារីអគ្គីសនី
សេវាកម្មទេសចរណ៍ និងជាច្រកព្រំដែនដ៏សំខាន់ក្នុងការនាំទំនិញចេញ-ចូលពីប្រទេសថៃផងដែរ។
សព្វថ្ងៃខេត្តកោះកុងមានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន៧៦ មានកម្មករ និយោជិតចំនួន ១២,៨០៣នាក់ ដែលមានប្រាក់ឈ្នួលសរុប ៤៣លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះមានផ្នែកឧស្សាហកម្មដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់បានបង្កើតឡើងនៅទីនេះ។
លោក អ៉ិត សំហេង បានចាត់ទុកសមិទ្ធិផលលើវិស័យឧស្សាហកម្មក្នុងខេត្តកោះកុង គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ, ការប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ, ការពង្រាយរោងចក្រទៅតាមបណ្តាខេត្ត, គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវបេសកកម្មជួបសំណេះសំណាលជាមួយប្រធានរដ្ឋបាល ប្រធានក្រុម ប្រធានផ្នែក កម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាសចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧។ មកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ ជួបប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម និងកម្មករ និយោជិតទាំងក្នុង និងក្រៅប្រព័ន្ធចំនួន ៦៥លើក ដែលមានអ្នកចូលរួមសរុប ៩៣១,៥៧៨នាក់។
តាមរយៈបេសកម្មចុះជួបកម្មករ និយោជិតជាបន្តបន្ទាប់នេះ សម្តេចតេជោ ហ៊ុន សែន បានរួមចំណែកដោះស្រាយបញ្ហាប្រឈមជាច្រើនរបស់កម្មករ និយោជិត និងបានដាក់ចេញនូវនយោបាយជាច្រើន ដើម្បីជាប្រយោជន៍សម្រាប់កម្មករ និយោជិត និងលើកកម្ពស់ជីវភាពរបស់ពួកគេ។
ដើម្បីធានាដល់ការរក្សាបាននូវអត្ថប្រយោជន៍ផ្សេងដែលសម្តេចតេជោ បានដាក់ចេញនោះ បច្ចុប្បន្នក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងបន្តតាមដានយកចិត្តទុកដាក់ទៅលើការងារសំខាន់ៗចំនួន ១០រួមមាន៖
១៖ គ្រប់រោងចក្រទាំងអស់អនុវត្តប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៩ ចំនួន ១៨២ដុល្លារ និងបានបើកប្រាក់ឈ្នួល ២សប្តាហ៍ម្តង ជូនកម្មករនិយោជិត។
២៖ កម្មករនិយោជិតទទួលបានការពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់។
៣៖ កម្មការិនីទទួលបានប្រាក់ឈ្នួល ១២០ភាគរយ ស្មើនឹង ២១៨ដុល្លារ នៃប្រាក់ឈ្នួលអប្បបរមា ១៨២ដុល្លារ និងឈប់សម្រាករយៈពេល ៣ខែ ក្នុងពេលសម្រាលកូន។
៤៖ បានបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីក្រោយពេលសម្រាលកូន។ ឆ្នាំ២០១៨ មានកម្មការិនីសម្រាលកូនចំនួន ៦៥,០៥៤នាក់ ចំនួនកូន ៦៥,៥៣៤នាក់ កូនភ្លោះ២ ចំនួន ៩៤០នាក់ និងកូនភ្លោះ៣ ចំនួន១៥នាក់ ដែលបានផ្តល់ប្រាក់ឧបត្ថម្ភសរុបចំនួនប្រមាណជិត ៦លាន ៦សែនដុល្លារ។ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១២ ខែមីនា
ឆ្នាំ២០១៩ មានកម្មការិនីសម្រាលកូនចំនួនជាង ១ម៉ឺន ៥ពាន់នាក់ ចំនួនកូនជិត ១ម៉ឺន ៦ពាន់នាក់ ក្នុងនោះកូនភ្លោះ២ ចំនួន ៧២នាក់ កូន ១៤៤នាក់ និងកូនភ្លោះ៣ ចំនួន ១នាក់ កូនចំនួន ៣នាក់ ដែលបានផ្តល់ប្រាក់ឧបត្ថម្ភសរុបចំនួនជាង ១លាន ៥សែនដុល្លារអាមេរិក។
៥៖ និយោជកបានអនុវត្តកាតព្វកិច្ចបង់ភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព១០០% ជំនួសកម្មករ និយោជិត។
៦៖ ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ បន្តត្រួតពិនិត្យថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនីនៅតាមផ្ទះជួល និងជំរុញការតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាតនៅតាមតំបន់ផ្ទះជួលរបស់កម្មករនិយោជិត។
៧៖ បានរៀបចំច្បាប់ស្តីពីរបបសន្តិសុខសង្គម ដើម្បីអនុវត្តផ្នែកសោធននិវត្តន៍សម្រាប់កម្មករនិយោជិត និង ផ្នែករបបហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ នៅឆ្នាំ២០១៩ នេះ។
៨៖ ឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងអនុវត្តច្បាប់ស្តីពីការងារ ដើម្បីកំណត់ការបើកប្រាក់បំណាច់អតីតភាពការងារជូនកម្មករនិយោជិត ៦ខែម្តង។
៩៖ ក្រសួងពាក់ព័ន្ធបន្តដោះស្រាយបញ្ហាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់បងប្អូនកម្មករ និយោជិត ការរៀបចំកែសម្រួលមធ្យោបាយដឹកជញ្ជូន និងពង្រឹងការអនុវត្តច្បាប់ចរាចរផ្លូវគោក។
១០៖ បន្តពង្រឹងកិច្ចសហការជាមួយប្រទេសជាដៃគូរួមមាន៖ ថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន ហុងកុង សឹង្ហបូរី និង ប្រទេសមួយចំនួនទៀត ដើម្បីផ្តល់ឱកាសការងារជូនពលករ ការពារសិទ្ធិ និងផលប្រយោជន៍ពលករដែលកំពុងបម្រើការងារនៅប្រទេសទាំងនោះ បង្កលក្ខណៈសម្បត្តិឱ្យបងប្អូនទទួលបានរបបគាំពារសង្គមទាំងបច្ចុប្បន្ន និងពេលដែលវិលត្រឡប់មកវិញ៕