(កែប)៖ នាយឧត្ដមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក កែន សត្ថា អភិបាលខេត្តកែប នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ របស់ស្នងការដ្ឋាននគរបាលខេត្តកែប និងលើកទិសដៅការងារឆ្នាំ២០១៩ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបង្ហាញថា សភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ មានលក្ខណៈល្អប្រសើរ និងពុំមានបញ្ហាកើតឡើងគួរឲ្យព្រួយបារម្ភនោះទេ។ បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ ជនបរទេសរងគ្រោះ និងជនបរទេសបទល្មើសប្រព្រឹត្ត មានការថយចុះជាលំដាប់ ចំណែកការជួញដូរមនុស្ស បទល្មើសល្បែងស៊ីសង បញ្ហាក្មេងទំនើង ពុំមានបញ្ហាគួរឲ្យកត់សម្គាល់នោះទេ។
ក្នុងពិធីនេះដែរ ក៏មានការប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកែប និងប្រគល់ប័ណ្ណសរសើរ និងថវិកាជូនដល់មេឃុំ ចៅសង្កាត់ ដែលទទួលបានចំណាត់ថ្នាក់ល្អ និងប្រគល់ម៉ូតូដែលជាអំណោយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ជូនស្នងការដ្ឋាននគរបាលខេត្តកែប។
នាយឧត្ដមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ បានកើតសរសើរ និងវាយតំលៃខ្ពស់ដល់ការខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលទូទាំងខេត្ត ដែលមានលោកឧត្ដមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប បានដឹកនាំកិច្ចប្រតិបត្តិការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ទទួលបានលទ្ធផលល្អ ដែលមានការគាំទ្រ និងផ្ដល់ជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។
អគ្គស្នងការរងនគរបាលជាតិរូបនេះ បានណែនាំក្រើនរលឹកដល់ស្នងការដ្ឋាននគរបាលខេត្តកំពត បន្តអនុវត្តផែនការការងារឆ្នាំ២០១៩ ដែលបានដាក់ចេញឲ្យ ទទួលបានលទ្ធផលល្អប្រសើរ និងស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ពង្រឹងវិធានការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យកាន់តែល្អ ដើម្បីធានាឲ្យប្រជាពលរដ្ឋក្នុងខេត្ត រួមទាំងអ្នកទេសចរគ្រប់ជាតិស្នាក់នៅដោយសុខដុម្យ គ្មានការភ័យខ្លាចព្រួយបារម្ភ៕