(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នឹងជួបពិភាក្សាការងារជាមួយប្រតិភូសហភាពអឺរ៉ុប នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ខាងមុខ។ ក្នុងជំនួបនោះ កម្ពុជានឹងជម្រាបជូនអំពីវិធានការជាក់ស្ដែង ដែលខ្លួនបានអនុវត្តកន្លងមក ដើម្បីសម្ដៅពង្រីកលំហប្រជាធិបតេយ្យ និងពង្រឹងនីតិរដ្ឋ លើករណី EBAs។ នេះបើតាម លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។
លោក កេត សោផាន់ បានថ្លែងក្រុមអ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកម្ពុជា នឹងបន្ដជម្រាបជូន EU អំពីវិធានការជាក់ស្ដែងនានា ដែលយើងបានប្រកាន់យក ពិសេសការពង្រីកលំហប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយនិងវិធានការផ្សេងៗទៀត ពាក់ព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា»។
ការលើកឡើងរបស់លោក កេត សោផាន់ បានធ្វើឡើងក្រោយ ជំនួបជម្រាបលារបស់លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលចប់អាណត្ដិនៅកម្ពុជាជាមួយ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅល្ងាច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នាទីស្ដីការក្រសួងការបរទេស។
បើតាមអ្នកនាំពាក្យក្រសួងការបរទេស គឹក្នុងជំនួបនោះ ភាគីពីរទាំងមិនបានលើកយកបញ្ហា EBA មកជជែកពិភាក្សាគ្នានោះទេ ដោយគ្រាន់តែធ្វើការប្ដេជ្ញាចិត្តរាងខ្លួនថា នឹងបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ពោលភាគីកម្ពុជានឹងជម្រាបជូនគណៈប្រតិភូ EU ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី១៩-២០ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះតែម្ដង។
ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានសម្ដែងនូវការរីករាយនៅពេលដែល EU បានវាយតម្លៃជាវិជ្ជមានជាច្រើន ជុំវិញទំនាក់ទំនងទ្វេភាគី ដែលជាការពិត ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-EU គឺបានផ្ដល់ផលប្រយោជន៍ទាំងសង្ខាង។
យ៉ាងក៏ដោយ ក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលចប់អាណត្ដិនៅកម្ពុជា ក៏បានថ្លែងអំណរគុណដល់ប្រមុខកាទូតកម្ពុជា ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ ក្នុងពេលកន្លងមក ដែលរួមមានទាំងការពិភាក្សាគ្នាប្រកបដោយភាពបើកចំហរ និងស្មោះត្រង់ លើកិច្ចការជាច្រើន ហើយលោកក៏បានសម្ដែងនូវការរីករាយ និងពេញចិត្តដែលបានធ្វើការជាមួយក្រសួងការបរទេសកម្ពុជា រយៈពេល៣ឆ្នាំមកនេះ៕