(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យក្រសួងសុខាភិបាល អនុវត្តភារកិច្ចសំខាន់ៗ៨ចំណុច ដើម្បីឲ្យប្រជាពលរដ្ឋជឿទុកចិត្ត លើការប្រើប្រាស់សេវាសុខាភិបាលក្នុងស្រុក មិនទៅរកការព្យាបាលនៅក្រៅប្រទេស។
ប្រសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅបន្ត ឆ្នាំ២០១៩ របស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា ដើម្បីឱ្យប្រព័ន្ធសុខាភិបាលកម្ពុជា ក្លាយជាប្រព័ន្ធសុខាភិបាល ដែលមានប្រជាប្រិយភាព និងមានការជឿទុកចិត្តពីប្រជាពលរដ្ឋ តាមរយៈការព្យាបាល ប្រកបដោយគុណភាពប្រសិទ្ធភាព និងគុណធម៌ កាត់បន្ថយការប្រើប្រាស់សេវាសុខាភិបាលនៅក្រៅប្រទេស ដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាច្រើន សម្តេចឱ្យក្រសួងសុខាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់រួមគ្នាសហការ អនុវត្តភារកិច្ចសំខាន់ៗ ចំនួន៨ ដូចខាងក្រោម៖
ទី១៖ ត្រូវរួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃសេវាសុខាភិបាល ជាពិសេសសេវាសុខភាពបឋម សេវាសង្គ្រោះបន្ទាន់ និងការបង្កើនការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងបច្ចេកវិទ្យាវេជសាស្ត្រ។ ទន្ទឹមនេះ ត្រូវលើកកម្ពស់សមត្ថភាពនិយ័តកម្ម ទាំងនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ត្រូវមានការទទួលខុសត្រូវ ចំពោះការផ្តល់សេវាសុខាភិបាល ការស្រាវជ្រាវវិស័យសុខាភិបាល រួមមានជំងឺឆ្លង ជំងឺមិនឆ្លង ពង្រឹងប្រព័ន្ធអង្កេត តាមដានដើម្បីឆ្លើយតបនឹងជំងឺ និងគ្រោះអាសន្ន ផ្នែកសុខភាពសាធារណៈ ស្របតាមលក្ខខណ្ឌតម្រូវ នៃបទដ្ឋាននិយ័តកម្ម សុខភាពអន្តរជាត។
ទី២៖ ត្រូវរួមគ្នារៀបចំ និងអនុវត្តឱ្យមានប្រសិទ្ធភាព នូវយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យសុខាភិបាល សំដៅពង្រឹងបន្ថែមនូវសមត្ថភាពជំនាញ តាមរយៈការបណ្ដុះបណ្ដាល មុនពេលបម្រើការងារ និងពេលបម្រើការងារ ជាពិសេសត្រូវរួមគ្នាអភិវឌ្ឍប្រព័ន្ធទិន្នន័យ គ្រប់គ្រងធនធានមនុស្ស សុខាភិបាល ការពង្រាយបុគ្គលិកសុខាភិបាល ដែលមានសមត្ថភាពជំនាញច្បាស់លាស់ ពង្រឹងយន្តការលើកទឹកចិត្ត ជូនដល់បុគ្គលិកសុខាភិបាល ជាពិសេសនៅតាមទីជនបទដាច់ស្រយាល។
ទី៣៖ ត្រូវរួមគ្នាអនុវត្តវិធានការទប់ស្កាត់ និងបង្ការជំងឺ ដោយបង្កើនកិច្ចសហការជាមួយសហគមន៍ និងភាគីពាក់ព័ន្ធ ដើម្បីអប់រំ និងផ្សព្វផ្សាយអំពីអនាម័យ សុវត្ថិភាពចំណីអាហារ ការថែទាំសុខភាព និងផលប៉ះពាល់ ដែលបញ្ហាលមកពីការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន ថ្នាំជក់ និងផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ។
ទី៤៖ ត្រូវរួមគ្នារៀបចំ និងពង្រឹងការអនុវត្តច្បាប់ បទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការគ្រប់គ្រងការប្រើប្រាស់ឱសថ ដោយគ្មានវេជបញ្ជា ការប្រើសារជាតិគីមីក្នុងចំណីអាហារ និងការប្រើគ្រឿងស្រវឹង និងថ្នាំជក់។
ទី៥៖ ត្រូវរួមគ្នារៀបចំឱ្យមានយន្តការពហុវិស័យ ក្នុងការធ្វើអន្តរាគមន៍ លើកកម្ពស់អាហារូបត្ថម្ភ ដោយមានការចូលរួមពីសហគមន៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងតំបន់ដែលមានបញ្ហាប្រឈមកម្រិតខ្ពស់ ចំពោះកង្វះអាហារូបត្ថម្ភ។
ទី៦៖ ត្រូវរួមគ្នាជំរុញការអភិវឌ្ឍប្រពន្ធគាំពារសុខភាពសង្គម តាមរយៈការបង្កើនវិសាលភាពគ្របដណ្តប់ នៃមូលនិធិសមធម៌សុខភាព របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈ កម្មករនិយោជិត នៃវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងការរៀបចំក្របខណ្ណគតិយុត្ត និងយន្តការដាក់ឱ្យដំណើរការ ប្រព័ន្ធធានារ៉ាប់រងសុខភាពសង្គម សម្រាប់ប្រជាជន ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ទី៧៖ ក្រសួងសុខាភិបាលត្រូវធ្វើវិចារណកម្មមុខងារ និងភារកិច្ចរចនាសម្ព័ន្ធគ្រប់គ្រងស្ថាប័ន និងការសម្របសម្រួលអន្តរស្ថាប័ន តាមរយៈការពង្រឹងភាពជាអ្នកដឹកនាំ មានគណនេយ្យភាពច្បាស់លាស់ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងស្ថាប័ន និងក្នុងអង្គភាពសុខាភិបាលគ្រប់ជាន់ថ្នាក់ អនុវត្តឱ្យបានហ្មត់ចត់ នូវក្រមប្រតិបត្តិវិជ្ជាជីវៈ ផ្សារភ្ជាប់ទៅនឹងក្របខណ្ឌភិវឌ្ឍមូលធនមនុស្ស ជាពិសេសគុណវុឌ្ឍិល្អប្រសើរ សមត្ថភាពជំនាញ ទេព្យកោសល្យ ការលើកទឹកចិត្ត និងការផ្តល់អត្ថប្រយោជន៍ផ្សេងទៀត ដល់មន្ត្រីបុគ្គលិកសុខាភិបាល។
ទី៨៖ ក្រសួងសុខាភិបាល ត្រូវរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តវិស័យសុខាភិបាល ឱ្យបានហ្មត់ចត់ តាមរយៈយន្តការតាមដាន និងការវាយតម្លៃ ដើម្បីជំរុញការអនុវត្ត និងការកែលម្អវិធានការតម្រង់ទិសយុទ្ធសាស្ត្រ និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរក្រសួង តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះ ត្រូវលើកកម្ពស់យន្តការចែករំលែក និងផ្លាស់ប្តូរព័ត៌មានក្នុង និងក្រៅវិស័យសុខាភិបាលនៅគ្រប់កម្រិត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងការថែទាំសុខមាលភាព ឆ្លើយតបទៅនឹងសេចក្តីត្រូវការ របស់ប្រជាជនទូទាំងប្រទេស ដែលជាអ្នកប្រើប្រាស់សេវាសុខាភិបាលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព៕