(ភ្នំពេញ)៖ សមាគមអតីតយុទ្ធជនកម្ពុជា-វៀតណាម បានសម្រេចចុះហត្ថលេខារួមគ្នាបន្តនូវកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកលើបញ្ហាផ្សេងៗរបស់អតីតយុទ្ធជនរយៈពេល ៥ឆ្នាំទៀតចាប់ពីឆ្នាំ២០១៩ ដល់២០២៣។
ពិធីចុះហត្ថលេខានេះ បានធ្វើឡើងរវាងលោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជាមួយលោក វៀន វ៉ាន់ឌឿក ប្រធានសមាគមអតីតយុទ្ធជនវៀតណាម នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ។
សូមបញ្ជាក់ថា នៅមុនពេលឈានដល់ការចុះហត្ថលេខាបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា លោកទេសរដ្ឋមន្ត្រី គន់ គីម និងលោក វៀន វ៉ាន់ឌឿក បានជួបជជែកលើការងារអតីតយុទ្ធជននៃប្រទេសទាំងពីរផងដែរ។
ទេសរដ្ឋមន្រ្តី គន់ គីម បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណេីរទស្សនកិច្ចការងាររបស់ប្រតិភូសមាគមអតីតយុទ្ធជនវៀតណាមនៅលេីទឹកដីកម្ពុជា និងជូនពរឲ្យប្រតិភូសម្រេចបានជោគជយក្នុងដំណេីរទស្សនកិច្ចលេីកនេះ។
ដោយឡែកលោក ង្វៀង វ៉ាន់ឌឹក បានថ្លែងអំណរគុណយ៉ាងជ្រៅចំពោះសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានទទួលរាក់ទាក់នឹងបង្កលក្ខណ:ល្អដល់ប្រតិភូក្នុងឱកាសបំពេញភារកិច្ចនៅកម្ពុជា។
សូមបញ្ជាក់ផងដែរថា តាមស្មារតីនៃកិច្ចសហប្រតិបត្តិការរវាងសមាគមអតីតយុទ្ធជនកម្ពុជា-វៀតណាម ដំណើរទស្សនកិច្ចរបស់ប្រតិភូអតីតយុទ្ធជនវៀតណាម មកកាន់កម្ពុជានាពេលនេះ សំដៅដកពិសោធ និងលេីកកម្ពស់កិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមករវាងសមាគមអតីតយុទ្ធជនប្រទេសទាំងពីរ៕