(ប៉ៃលិន)៖ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាមូលដ្ឋាន និងក្រុមការងារ បានអញ្ជើញពិនិត្យមើលដំណើរការ ស្ថាបនាផ្លូវបូតុង១ខ្សែរ មានប្រវែងជិត១០០០ម៉ែត្រ ក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដើម្បីជំរុញការកសាងឱ្យបានហើយរួចរាល់ ១០០% មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានលើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម។
លោកអភិបាលខេត្ត បានបញ្ជាក់ថា៖ ផ្លូវថ្នល់ គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវ១ខ្សែរនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរទៅសាលារៀន។
ក្នុងឱកាសនោះ លោកផាន់ ចាន់ធុល ក៍បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការស្ថាបនាផ្លូវនេះឱ្យបានឆាប់រហ័សទៅតាមផែនការគ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង ពីព្រោះផ្លូវបេតុង ១ខ្សែរនេះ មិនត្រឹមតែផ្តល់នូវភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ប៉ុណ្ណោះទេ គឺវាបានផ្តល់នូវសោភ័ណភាពសម្រាប់ទីក្រុងផងដែរ។
សូមបញ្ជាក់ថា៖ ផ្លូវបេតុង១ខ្សែរ ដែលស្ថាបនាបាន គឺមាន ប្រវែង ៧៨០ម៉ែត្រ ទទឹង ១៥ម៉ែត្រ ចាប់ពីចំណុចផ្លូវជាតិលេខ៥៧ ក្បែរវិមានឯករាជ្យ ភូមិបរឌិននៀវ មកទល់ផ្លូវសាលាបឋមសិក្សារតនសោភ័ណ ភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយប្រើប្រាស់កញ្ចប់ថវិកា គម្រោងអភិវឌ្ឍន៍ខេត្ត៕