(ភ្នំពេញ)៖ លោក Walter Ruck នាយកសភាពាណិជ្ជកម្មអូទ្រីស និងជាតំណាងឲ្យក្រុមហ៊ុនជាង១០ម៉ឺនក្រុមហ៊ុន និងជាអនុប្រធានក្រុមបេសកកម្មស្ថានទូត នៃសាធារណរដ្ឋអូទ្រីស ប្រចាំទីក្រុងបាងកក នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារសំខាន់ៗ ជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាក់ទងនឹងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើការធ្វើពាណិជ្ជកម្មកសិកម្ម រវាងប្រទេសទាំងពីរ និងការរៀបចំគម្រោងគាំទ្រផ្នែកកម្ចីឥណទាន ក្នុងវិស័យកសិកម្មមកភាគីកម្ពុជា។
លោករដ្ឋមន្ត្រី វេង សាខុន បានសម្តែងអំណរគុណ ជូនចំពោះលោក Walter Ruck និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជា និងជាពិសេសបានអញ្ជើញ មកជួបពិភាក្សាការងារ និងស្វែងយល់ឲ្យបានស៊ីជម្រៅបន្ថែម អំពីសក្តានុពលនៃវិស័យកសិកម្មកម្ពុជា វឌ្ឍនភាព និងឱកាសក្នុងការពិនិត្យ ពិចារណា និងសម្រេចចិត្តធ្វើការ វិនិយោគលើវិស័យនេះ នាពេលអនាគត។
លោក វេង សាខុន បានបញ្ជាក់ថា ដោយសារប្រទេសអូទ្រី ជាសមាជិកនៃសហភាពអឺរ៉ុប លោករដ្ឋមន្ត្រីតាមរយៈលោក Walter Ruck បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូទ្រីស ដែលកន្លងមក តាមរយៈស្ថានទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានជួយឧបត្ថមគាំទ្រក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ហើយលោករដ្ឋមន្ត្រីបានស្នើសុំឲ្យរដ្ឋាភិបាលអូទ្រីស បន្តជួយឧបត្ថម្ភគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍប្រទេស ជាពិសេសអភិវឌ្ឍវិស័យកសិកម្ម ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នាឆ្នាំ២០៣០។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីកសិកម្ម ក៏បានជម្រាបជូនប្រតិភូផងដែរ អំពីស្ថានភាព និងការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម ដូចជាផលិតកម្មស្រូវ ពោត ស្វាយ ស្វាយចន្ទី ដំឡូង និងវារីវប្បកម្ម -ល-។
លោក Walter Ruck បានកោតសរសើរចំពោះការវិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជា ហើយកំពុងតែបន្តអភិវឌ្ឍតាមផែនការ និងយុទ្ធសាស្រ្តដ៏ត្រឹមត្រូវរបស់ខ្លួនយ៉ាងសកម្ម លោកសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា នឹងសម្រេចបាននូវចក្ខុវិស័យ នាឆ្នាំ២០៣០ យ៉ាងពិតប្រាកដ។
លោកក៏បានជម្រាបជូន លោករដ្ឋមន្រ្តីថា ដំណើរទស្សនកិច្ចលើនេះ គឺចង់បង្កើនកិច្ចសហប្រតិបត្តិការ លើការធ្វើពាណិជ្ជកម្ម ដោយផ្តោចជាសំខាន់ លើផលិតផលកសិកម្ម និងជាពិសេសការរៀបចំគម្រោងគាំទ្រផ្នែក កម្ចីឥណទាន សម្រាប់ទិញសម្ភារកសិកម្ម ពីប្រទេសអូទ្រីស។
លោកបានបញ្ជាក់ផងដែរថា បរិយាកាសក្នុងការធ្វើពាណិជ្ជកម្ម លើវិស័យកសិកម្មនៅកម្ពុជា គឺមានលក្ខណៈអំណោយផលល្អ និងមានសក្តានុពលខ្ពស់ សម្រាប់ធ្វើការវិនិយោគ ដូច្នេះលោកសង្ឃឹម និងជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែត្រូវបានពង្រឹង និងពង្រីកថែមទៀត នាពេលអនាគត៕