(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត Ingo Karasten ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ បានជម្រាបជូនទេសរដ្ឋមន្រ្តី លី ធុជ ថា ទាំងរាជរដ្ឋាភិបាល និងសភាអាឡឺម៉ង់ បានកោតសរសើរ និងអបអរសាទរ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៅប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សង្រ្គាមស៊ីវិលបង្រួបបង្រួមជាតិ នាំមកនូវសន្តិភាពជូនជាតិមាតុភូមិ ដោយសន្តិវិធី និងគ្មានការប្រើប្រាស់អាវុធនិងការបង្ហូរឈាមរវាងខ្មែរ និងខ្មែរ។
ជាមួយគ្នានោះ ប្រទេសអាឡឺម៉ង់ នឹងបង្កើនចំណងកិច្ចសហប្រតិបត្តការល្អជាមួយប្រទេសកម្ពុជា ដើម្បីផលប្រយោជន៍របស់ប្រទេស និងប្រជាជនទាំងពីរ ដោយផ្តោតលើការជម្រុញកំណើនសេដ្ឋកិច្ច កសិកម្ម ពាណិជ្ជកម្ម និងវិស័យសកម្មភាពមីន។
ជាពិសេស ឯកអគ្គរដ្ឋទូតនឹងស្មើសុំឲ្យរដ្ឋាភិបាលអាឡឺម៉ង់ ជំរុញដល់វិស័យឯកជនរបស់អាឡឺម៉ង់ ជួយដល់វិស័យបោសសម្អាតមីននៅតាមសហគមន៍ជនបទ នៅកម្ពុជា ដើម្បីចូលរួមសម្រាល បន្ទុករបស់រាជរដ្ឋាភិបាកម្ពុជា ក្នុងការបោសសម្អាតមីន និងកាត់បន្ថយជនរងគ្រោះដោយសារមីន។
ក្នុងរយៈពេលកន្លងមកនេះប្រទេសអាឡឺម៉ង់ បានជួយដល់ការបោសសម្អាតមីននៅប្រទេសកម្ពុជា តាមរយៈអង្គការ HALOTRUST ដោយបោសសម្អាតដីបានជាង១០គីឡូម៉ែត្រក្រឡា កំទិចមីនប្រឆាំងមនុស្សបាន២៩៩១គ្រាប់ និងមានអ្នកទទួលផលប្រហែល១០ម៉ឺននាក់។
ទេសរដ្ឋ លី ធុជ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលអាឡឺម៉ង់ ដែលតែងតែសហប្រតិបត្តការល្អ និងគាំទ្រដល់វិស័យបោសសម្អាតមីននៅកម្ពុជា៕