(ភ្នំពេញ)៖ លោក អ៊ុច បូរ៉ា រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងនាមលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ បានលើកឡើងថា ភាពប្រាកដនិយម ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងចំគោលដៅ នៃលិខិតបទដ្ឋានគតិយុត្ត ជាមូលដ្ឋានគ្រឹះនៃទំនុកចិត្ត និងទាក់ទាញវិនិយោគទុន មកកាន់កម្ពុជា ហើយជាមូលដ្ឋានគ្រឹះក្នុងការកសាងនីតិរដ្ឋផងដែរ។
ការលើកឡើងរបស់លោក អ៊ុច បូរ៉ា បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួម បើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល នៃការវាយតម្លៃផលប៉ះពាល់ លើសេចក្តីព្រាងកែសម្រួលប្រកាស ស្តីពីការគ្រប់គ្រង និងដំណើរការ សហគ្រាស សិប្បកម្មផលិតទឹកពិសាដប ដែលរៀបចំធ្វើឡើងនៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ។
ក្នុងពិធីនោះ លោក អ៊ុច បូរ៉ា បានថ្លែងថា «យើងដឹងហើយថា ការប្រកួតប្រជែងសម្រាប់ទីផ្សារ របស់ពាណិជ្ជករ ឧស្សាហករ សិប្បករ និងសេវាករ ជាការលំបាកមួយក៏ពិតមែន តែការប្រកួតប្រជែងផ្នែកច្បាប់ នឹងលិខិតបទដ្ឋានគតិយុត្តជាកិច្ចការមួយ ដែលកាន់តែលំបាក និងស្មុគស្មាញជាងនេះទៅទៀត»។
រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម រូបនេះ បានបន្ថែមទៀតថា «ភាពប្រាកដនិយម ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងចំគោលដៅ នៃលិខិតបទដ្ឋានគតិយុត្ត ជាមូលដ្ឋានគ្រឹះនៃ ទំនុកចិត្ត និងទាក់ទាញវិនិយោគទុន មកកាន់កម្ពុជា ហើយជាមូលដ្ឋានគ្រឹះក្នុងការកសាងនីតិរដ្ឋផងដែរ»។
លោក អ៊ុច បូរ៉ា បានលើកឡើងថា នីត្យានុកូល នៃលិខិតបទដ្ឋានគតិយុត្ត ជាបញ្ហាមួយដែលត្រូវយកចិត្តទុកដាក់ ដើម្បីធានាបាននូវនិរន្តរភាពផលិតកម្ម ក៏ដូចជាសុវត្ថិភាពនៃអ្នកប្រើប្រាស់ ក្នុងគោលបំណងធ្វើឲ្យផលិតកម្ម ក្នុងស្រុកដើរតួនាទីយ៉ាងសកម្ម ក្នុងការផលិត ដើម្បីផ្គត់ផ្គង់ទាំងនៅលើទីផ្សារជាតិ និងឈានទៅរកទីផ្សារអន្តរជាតិ ជៀសវាងបាននូវលំហូរផលិតផលពីបរទេសមកកម្ពុជា ដែលជាមូលហេតុធ្វើឲ្យមានឱនភាពផលិតកម្ម និងផលិតផលក្នុងស្រុក ហើយធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍន៍ប្រទេសផងដែរ។
ជាមួយគ្នានោះ លោក អ៊ុច បូរ៉ា បានគូសបញ្ជាក់ថា ទោះបីជាការវាយតម្លៃផលប៉ះពាល់ លិខិតបទដ្ឋានគតិយុត្ត ត្រូវការពេលវេលា និងមធ្យោបាយសមស្របសម្រាប់អនុវត្តក្តី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានកំណត់ថា រាល់លិខិតបទដ្ឋានគតិយុត្តទាំងអស់ ចាំបាច់ត្រូវវាយតម្លៃលើផលប៉ះពាល់ ដោយមិនអាចខ្វះបាន។
លោក ប៉ិច សុខា សមាជិក និងជាអគ្គលេខាធិការរងក្រុមប្រឹក្សាសេដ្ឋកិច្ច និងវប្បធម៌ និងជាសមាជិកអចិន្ដ្រៃយ៍ក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ដ បានឲ្យដឹងថា ប្រទេសណា ក៏ត្រូវមានច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីគ្រប់គ្រងសង្គម និងសេដ្ឋកិច្ចឲ្យមានសុខដុមរមនា ប៉ុន្តែយើងក៏ត្រូវប្រុងប្រយ័ត្នអំពីផលប៉ះពាល់អវិជ្ជមាន នៃច្បាប់និងលិខិតបទដ្ឋានគតិយុត្តទាំងនោះ ដូចជាការរារាំងដល់ការប្រកួតប្រជែង ឬការដាក់បន្ទុកចំណាយ កាតព្វកិច្ចមិនចាំបាច់ដល់ធុរកិច្ច និងសាធារណៈជនជាដើម -ល-។
លោក ប៉ិច សុខា បានបន្ថែមទៀតថា ដូច្នេះក្នុងអំឡុង ពេលតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ យើងត្រូវសិក្សា និងធ្វើការវាយតម្លៃ ឲ្យបានហ្មត់ចត់លើផលប៉ះពាល់ ដែលអាចកើតមាន ឡើងពីច្បាប់ ឬបទប្បញ្ញត្តិទាំងនេះ។ ក្នុងន័យនេះ ការវិភាគ និងពិចារណា ឲ្យបានគ្រប់ជ្រុងជ្រោយអំពីបន្ទុកចំណាយ និងផលចំណេញនៃច្បាប់ ឬបទប្បញ្ញត្តិទាំងឡាយ ជាការចាំបាច់ណាស់សម្រាប់រាយការណ៍ជូន ថ្នាក់ដឹកនាំ ដែលជាមូលដ្ឋានក្នុងការសម្រេចថា តើត្រូវបង្កើតច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ឬជម្រើសយ៉ាងណាដែលប្រសើរ?៕