(ភ្នំពេញ)៖ ដើម្បីចូលរួមលើកស្ទួយគុណភាពវិស័យអប់រំ និងធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នកំពុងមានការប្រកួតប្រជែង ទីផ្សារការងារយ៉ាងខ្លាំងផងនោះ ក្រុមហ៊ុន Longmengrath Study Abroad Consultancy Co., Ltd ជាក្រុមហ៊ុនប្រឹក្សាអាហារូបករណ៍ក្រៅប្រទេសដំបូង និងតែមួយគត់នៅកម្ពុជា បានខំប្រឹងប្រែងជាច្រើនឆ្នាំ សហកាជាមួយស្ថាប័នឯកជនផ្តល់អាហារូបករណ៍ធំៗទាំងបីរបស់ចិន ដែលស្ថាប័នទាំងបីនេះ ទទួលបានគម្រោងអាហារូបករណ៍ពីក្រសួងអប់រំចិន, ក្រុមប្រឹក្សាអាហារូបករណ៍ចិន (CSC) និងសាកលវិទ្យាល័យល្បីៗរបស់ចិនជាង៧០០។ ជាលទ្ធផលក្រុមហ៊ុន Longmengrath Study Abroad Consultancy បានចុះអនុស្សរណៈ និងទទួលសិទ្ធិពិសេសពីស្ថាប័នអាហារូបករណ៍ទាំងបីរបស់ចិន អោយជ្រើសរើសនិស្សិតខ្មែរ រាប់រយនាក់ជារៀងរាល់ឆ្នាំ ដើម្បីសិក្សាជំនាញជាង៨០មុខ ចាប់ពីថ្នាក់បរិញ្ញាបត្ររហូតដល់បណ្ឌិត។

លោក តាន់ វុទ្ធា ជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Longmengrath Study Abroad Consultancy Co.,Ltd និងជាអតីតនិស្សិតសាកលវិទ្យល័យ PEKING ប្រទេសចិន បានថ្លែងប្រាប់ Fresh News ថា ក្រុមហ៊ុនលោកបានចុះញ្ជីជាផ្លូវការនៅក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ហើយជាទស្សនៈវិស្ស័យ ការបង្កើតក្រុមនេះឡើង ដោយសារតែលោកចង់បញ្ជូននិស្សិតកម្ពុជា ទៅសិក្សានៅក្នុងប្រទេស ដែលមានការអភិវឌ្ឍជឿនលឿនតាមរយៈអាហារូបករណ៍ឲ្យបានច្រើនបំផុត ក្នុងតម្លៃសេវាកម្មទាបបំផុត ដើម្បីទទួលយកនូវបច្ចេកទេសថ្មីៗ ក៏ដូចជា ចម្រាញ់យកធនធានមនុស្សកាន់តែមានគុណភាព និងសមត្ថភាពលើជំនាញ វេជ្ជសាស្ត្រ វិទ្យាសាស្ត្រ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ឧស្សាហកម្ម កសិកម្ម បច្ចេកទេស វិស្វកម្ម ភាសា ច្បាប់ សិល្បៈ កីទ្បា។ល។ ព្រោះគ្មានប្រទេសណាមួយលើពិភពលោកនេះ ដែលខ្លាំងដោយគ្មានធនធានមនុស្សខ្លាំងនោះទេ តួយ៉ាងដូចជា៖ ប្រទេស ជប៉ុន ចិន កូរ៉េ សិង្ហបុរី ជាដើមសុទ្ធសឹងតែបានបញ្ជូននិស្សិត ប្រទេសគេរាប់ម៉ឺននាក់ ទៅទទួលការសិក្សានៅប្រទេសជឿនលឿន មុននឹងត្រលប់មកជួយអភិវឌ្ឍប្រទេសកំណើតពួកគេវិញ។

លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរូបនេះ បានបន្តទៀតថា លក្ខខណ្ឌដែលអាចទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន គឺមិនតម្រូវឱ្យមានការប្រឡងនោះទេ ប៉ុន្តែតម្រូវឱ្យនិស្សិត ដែលមានចំណាប់អារម្មណ៍ត្រូវមាននិទ្ទេសខ្ពស់ សុខភាពល្អ ហើយសម្រាប់មុខវិជ្ជាមួយចំនួនត្រូវមានកម្រិតពិន្ទុចាប់ពីនិន្ទេស C ឡើងទៅ។

លោកបានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១០ រហូតសព្វថ្ងៃនេះ និស្សិតកម្ពុជាជាង១០០នាក់ហើយ ត្រូវបានបញ្ជូនឱ្យសិក្សានៅប្រទេសចិន ទាំង៣កម្រិត គឺថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតតាមរយៈក្រុមការងាររបស់លោក។

សូមបញ្ជាក់ថា សម្រាបប់ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន Longmengrath Study Abroad Consultancy Co., Ltd នឹងជ្រើសរើសយកនិស្សិតកម្ពុជា ចំនួន១៥០នាក់ ដើម្បីសិក្សាដោយអាហារូបករណ៍នៅប្រទេសចិន។ នៅពេលដែលបេក្ខជនបានបំពេញលក្ខខណ្ឌតម្រូវត្រឹមត្រូវរួចហើយ, បេក្ខជនចំណាយលើសេវាកម្មក្រុមហ៊ុនប្រហាក់ប្រហែលនឹងការបង់ថ្លៃសាកលវិទ្យាល័យនៅកម្ពុជាប៉ុណ្ណោះ នឹងទទួលបានអាហារូបករណ៍រៀនមួយចប់តែម្តង៕