(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ បានប្រកាសសម្រេចគម្រោង«សាលាស្អាត» នៅតាមសាលារៀនចំនួន១០ក្នុងរាជធានីភ្នំពេញ និងខេត្តបាត់ដំបងក្នុងឆ្នាំ២០១៨ និងប្រកាសបើកគម្រោងថ្មីនៅខេត្តសៀមរាប និងបន្ទាយមានជ័យសម្រាប់ឆ្នាំ២០១៩ ដែលគម្រោងទាំងអស់នេះចំណាយថវិការសរុបជិត ៧០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចំណាយទឹកប្រាក់សរុបជិត ៤០ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់គម្រោង«សាលាស្អាត» នៅតាមសាលារៀនចំនួន៤ក្នុងរាជធានីភ្នំពេញ និង៦ទៀតខេត្តបាត់ដំបង។
ក្រុមហ៊ុននឹងបន្តកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតនៅតាមសាលារៀនចំនួន៥ក្នុងខេត្តបន្ទាយមានជ័យ និង៥ទៀតក្នុងខេត្តសៀមរាប ក្នុងឆ្នាំ២០១៩ ដែលនឹងចំណាយទឹកប្រាក់សរុប ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
គម្រោង«សាលាស្អាត» គឺជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមសាលារៀនទូទាំងប្រទេសដែលត្រូវបានផ្តួចផ្តើមចាប់តាំពីឆ្នាំ២០១៦ ដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងវិស័យអប់រំ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពសាលារៀននៅទូទាំងប្រទេសឲ្យកាន់តែស្រស់ស្អាតមួយកម្រិតទៀត និងបង្កើនបរិយាកាសសិក្សាឲ្យល្អប្រសើរជាងមុនសម្រាប់សិស្សានុសិស្ស។
ថ្លែងក្នុងសន្និសិទសារព័ត៌មាន លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា ក្រុមហ៊ុនតែងតែយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការលើកស្ទួយវិស័យអប់រំ ហើយគម្រោង«សាលាស្អាត» គឺជាការចូលរូមមួយផ្នែកក្នុងវិស័យអប់រំតាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងសាលារៀនដើម្បីផ្តល់នូវកន្លែងអប់រំដែលមានបរិយាកាសល្អប្រសើរសំរាប់សិស្សានុសិស្ស។
លោកបានបន្តថា គម្រោងសាលាស្អាតនឹងចូលរួមចំណែកជួយដល់សិស្សានុសិស្សនៅតំបន់ទាំងនោះឲ្យមានសាលារៀនសមរម្យ មានចំណេះដឹង និងសម្រេចបាននូវក្តីសុបិននាថ្ងៃអនាគត ព្រមទាំងក្លាយទៅជាធនធានមនុស្សដ៏ល្អ ដើម្បីរួមចំណែកជួយដល់សង្គម និងប្រទេសជាតិយើងទាំងមូល៕