(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីបិទ សន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំថ្មីឆ្នាំ២០១៩របស់ក្រសួងសុខាភិបាល។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសំដែងនូវការកោតសរសើរចំពោះមន្ត្រីរាជការ បុគ្គលិកសុខាភិបាលទូទាំងប្រទេសដែលបានខិតខំពុះពារឧបសគ្គ និងការលំបាក ដើម្បីអនុវត្តគោលនយោបាយ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាល ហើយសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ពិសេសលទ្ធផលនៃការផ្តល់សេវាអប់រំសុខភាពការពិនិត្យព្យាបាល និងការពង្រីកយន្តការគាំពារសុខភាពសង្គមជូនប្រជាពលរដ្ឋបានល្អប្រសើរ ។

* សម្តេចតេជោ បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីសំណាក់ដៃគូអភិវឌ្ឍសុខាភិបាល ដោយរាប់បញ្ចូលទាំងអង្គការមិនមែន រដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ និងចំពោះវិស័យពាក់ព័ន្ធនានា រួមមានរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ឃុំ-សង្កាត់ សមាគមវិជ្ជាជីវៈសុខាភិបាល និងវិស័យឯកជនដែលបានចូលរួមសហការ និងគាំទ្រយ៉ាងសកម្មដើម្បី
អនុវត្តសកម្មភាពសំខាន់ៗនៅក្នុងវិស័យសុខាភិបាល ។

* សម្តេចតេជោ ហ៊ុន សែន ចំពោះការគ្រប់គ្រងជំងឺឆ្លងរាតត្បាត យើងនៅជួបបញ្ហាប្រឈមដែលពុំអាចដោះស្រាយបានទាន់ពេលវេលា ម្យ៉ាងទៀតគុណភាពនៃការផ្តល់សេវាថែទាំ និងព្យាបាលនៅមានកម្រិត ចំនួនគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលនៅតាមប្រភេទជំនាញនៅពុំទាន់គ្រប់គ្រាន់តាមនិយាមនៅឡើយ ប្រព័ន្ធធានារ៉ាប់រងសុខភាពសងមនៅមានកម្រិត ប្រជាជនភាគច្រើនពុំទាន់មានការយល់ដឹងអំពីហានិភ័យនៃជំងឺឆ្លង ឬ មិនឆ្លង ជាពិសេសគ្រោះថ្នាក់នៃការប្រើប្រាស់ឱសថ ថ្នាំជក់ គ្រឿងញៀននិងគ្រឿងស្រវឹង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រយុទ្ធប្រឆាំងលើជំងឺឆ្លងនៅមានបញ្ហាប្រឈម ហើយដំណោះស្រាយមិនទាន់ឆ្លើយតបការប្រឈមនៅឡើយនោះទេ។

* នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឲ្យមានការពង្រាយបន្ថែមទៀតនូវក្រុមគ្រូពេទ្យទៅតាមជនបទ។

* សម្តេចតេជោ ហ៊ុន​ សែន បានថ្លែងថា គោលនយោបាយលើកទឹកចិត្តដល់គ្រូពេទ្យ ដែលពង្រាយទៅតាមទីជនបទត្រូវគិតគូរ និងយកចិត្តទុកដាក់ ដូចគ្រូបង្រៀនផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរើសគ្រូពេទ្យត្រូវពិនិត្យឲ្យបានល្អិតល្អន់ កុំធ្វើដូចទសវត្សឆ្នាំ៨០ ដែលដាក់ឈ្មោះថានៅខេត្តតាមពិតរស់នៅរាជធានីភ្នំពេញ ហើយពេលរៀនចប់មិនចុះទៅបម្រើការងារនៅតាមខេត្ត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាធនធានមនុស្សនៅតែជាកត្តាសំខាន់ក្នុងវិស័យសុខាភិបាល និងវេជ្ជសាស្ត្ររបស់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ករណីរ៉ុកទោះជីកដីជម្រៅណា ក៏ត្រូវតែជីកដែរ។ សម្តេចតេជោ ហ៊ុន សែន ករណីរ៉ុកជាករណីធំណាស់។

* សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នៅក្នុងរាជធានីភ្នំពេញមានទីតាំងគ្រឿងញៀនមួយទៀត ដែលបច្ចុប្បន្ននៅសម្ងំនៅឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងខ្លាំងៗថា ករណីរ៉ុកត្រូវតែធ្វើដោយគ្មានលើកលែងនោះឡើយ។

* នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអភិក្រមទាំង៥របស់សម្តេចមិនមែនធ្វើសម្រាប់តែមន្ត្រីរាជការរដ្ឋនោះទេ វិស័យឯកជនក៏ត្រូវតែធ្វើដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីមានក្រុមជើងកាងប៉ុន្មានការពារឧក្រិដ្ឋកម្មគ្រឿងញៀន ក៏សម្តេចត្រូវតែវាយកម្ទេចដែរ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបោសសំអាតរាល់ភាពអសកម្មក្នុងសង្គមទាំងអស់តាំងពីតូច រហូតដល់ធំ។

* សម្តេចតេជោ បានថ្លែងថា ការកើតឡើងនូវការជួញដូរគ្រឿងញៀននេះ ដោយសារតែភាពកម្សោយនៃការគ្រប់គ្រង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់តុលាការឲ្យធ្វើការឲ្យបានត្រឹមត្រូវក្នុងករណីគ្រឿងញៀននៅរ៉ុក។ បើធ្វើមិនត្រឹមត្រូវតុលាការ ក៏ត្រូវចាត់វិធានការដែរ។

* សម្តេចតេជោ បានថ្លែងថា ករណីរ៉ុកនេះ សម្តេចនឹងបន្តមើលការអនុវត្តន៍របស់តុលាការ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ១៦៖១៨នាទីរសៀលថ្ងៃទី១២ ខែមីនា​ ឆ្នាំ២០១៩នេះ, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់៕