(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក សេង លាង បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនឧកញ៉ា គិត ធាង ទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ PJ ជា បណ្តោះអាសន្ន រង់ចាំជំនុំជម្រះជាក្រោយតាមនីតិវិធី។ នេះបើតាមមន្រ្តីតុលាការជាន់ខ្ពស់ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅមុននេះបន្តិចរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ។
បើតាមមន្ត្រីតុលាការ, ឧកញ៉ា គិត ធាង ត្រូវបានជាប់ចោទពីបទ «ចាត់ចែង សម្រួលឲ្យមានការប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀន និងបទសមគំនិត» ដែលប្រព្រឹត្តនៅមណ្ឌលកម្សាន្ត ROCK ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៩ តាមមាត្រា៤២ និង៤៤ នៃច្បាប់ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀន និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ។
ការសម្រេចបង្គាប់ឲ្យឃុំខ្លួនលោកឧកញ៉ា គិត ធាង នេះ ធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ នៅព្រឹកមិញ បានបញ្ជូនឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកម្សាន្ត Rock ទៅកាន់តុលាការក្រុងភ្នំពេញ។
សូមបញ្ជាក់ថា ឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកម្សាន្ត Rock ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ស្នងការដ្ឋានរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ទៅតាមដីការបស់តុលាការ បន្ទាប់ពីសមត្ថកិច្ចបានទៅដល់ផ្ទះរបស់លោក នៅខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើតាមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News។
ចំណាត់ការរបស់សមត្ថកិច្ច និងតុលាការ ក្នុងការនាំខ្លួបានធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) កាលពីព្រឹកថ្ងៃទី១១ ខែមីនា បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចទាំងអស់ តាមស្វែងរកមេខ្លោងគ្រឿងញៀន នៅក្លឹបកម្សាន្តរ៉ុក (Rock) ឱ្យឃើញ ហើយត្រូវចាត់វិធានការតាមច្បាប់ឱ្យបានម៉ឺងម៉ាត់៕