(ក្រចេះ)៖ លោក ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី បានថ្លែងថា ក្រុមប្រឹក្សាឃុំ-សង្កាត់ មានភារកិច្ចសហការជាមួយស្ថាប័ន និងអង្គភាពមានសមត្ថកិច្ច ក្នុងការដោះស្រាយវិវាទដីធ្លី ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន។
មន្ត្រីជាន់ខ្ពស់រូបនេះ បានថ្លែងបែបនេះ ក្នុងសិក្ខាសាលាស្តីពីនីតិវិធី នៃការសម្រុះសម្រួលដោះស្រាយវិវាទដីធ្លី របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១២-១៤ ខែមីនា ឆ្នាំ២០១៩ ដែលមានសមាភាពចូលរួមប្រមាណជាង ៨០នាក់មក ពីឃុំសង្កាត់ក្នុងខេត្តក្រចេះ។
តំណាងឲ្យឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ទេព ធន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រុមប្រឹក្សាឃុំ-សង្កាត់ មានតួនាទីភារកិច្ច ក្នុងការចូលរួមសហការជាមួយស្ថាប័ន និងអង្គភាពមានសមត្ថកិច្ច ក្នុងការគ្រប់គ្រង់ ទប់ស្កាត់ និងដោះស្រាយវិវាទដីធ្លី ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន រាល់ករណីដែលកើតមានឡើង»។
លោកបន្តទៀតថា រាជរដ្ឋាភិបាល បានខិតខំយកចិត្តទុកដាក់ មកលើកការងារទំនាស់ដីធ្លី និងបានពង្រឹកនូវនីតិវិធី ដល់មន្រ្តីថ្នាក់ក្រោមជាតិ ក្នុងការសម្រុះសម្រួល និងដោះស្រាយបញ្ហាទំនាស់ដីធ្លី របស់ប្រជាពលរដ្ឋ ឲ្យប្រកបដោយតម្លាភាព ប្រសិទ្ធភាព ស្របតាមនីតិវិធី ពោលគឺត្រូវធ្វើយ៉ាងដើម្បីដោះស្រាយនូវវិវាទដីធ្លី ជូនប្រជាពលរដ្ឋឲ្យបាន ទោះក្នុងករណីណា ឬត្រូវប្រើកម្លាំង និងធនធានប៉ុន្មានក៏ដោយ។
លោក ទេព ធន បានបញ្ជាក់ថា សម្រាប់លទ្ធផលនៃការដោះស្រាយវិវាទទូទាំងប្រទេស ចាប់ពីថ្ងៃដំណើរការរហូតដល់ខែកុម្ភៈ ២០១៩ ទទួលបានពាក្យបណ្តឹងបានចំនួន ៨,៤៧៧ករណី ដោះស្រាយបញ្ចប់នីតិវិធីចំនួន ៧,៥៩៨ករណី។ ក្នុងនោះដោះស្រាយចប់ចំនួន ៣,៩៨៦ករណី ច្រានចោលពាក្យបណ្តឹងចំនួន ២,៧៣០ករណី និងដកពាក្យបណ្តឹងចំនួន ២,៧៣០ករណី និងដកពាក្យបណ្តឹងចំនួន ៨៨២ករណី ស្មើនឹង៩៨,៦៣ កំពុងដោះស្រាយចំនួន ៨៧៩ករណី ស្មើនឹង១០,៣៧%។
លោក ស្រេង សុភាព អភិបាលរងខេត្តបានលើកឡើងថា ទំនាស់វិវាទដីធ្លីមានចំនួន៣៨ករណី បានដោះស្រាយបញ្ចប់០៥ ករណី និងនៅសល់៣៣ កំពុងបន្តការដោះស្រាយ។ ចំណែកបណ្តឹងនៅក្រៅយន្តការគណៈកម្មការសុរិយោដី មាន៩១ករណី (បានបញ្ជូនមកពីថ្នាក់ជាតិមានចំនួន ៤១ករណី និងថ្នាក់ខេត្តចំនួន៥០ករណី)។
លោកបន្តថា ក្រុមការងារដោះស្រាយវិវាទដីធ្លី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះដោះស្រាយបញ្ចប់១០០% បាន២០ករណី និងកំពុងបន្តចំនួន១៣ករណី នៅសល់ ០៨ករណី។ ហើយក្រុមការងារដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត បានចុះសម្របសម្រួលដោះស្រាយ បញ្ចប់១០០% បានចំនួន២៦ករណី កំពុងបន្តចំនួន ១៥ករណី និងនៅសល់០៩ករណី៕