(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋ អាជីវករ ក្រុមហ៊ុនអ្នកនាំចេញកសិផលដំឡូងមី តាមមាត់ច្រកម៉ាឡៃ ស្នើសុំកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាលកម្ពុជា ពិសេសលោកអភិបាលខេត្តបន្ទាយមានជ័យ លោក សួន បរវ ដើម្បីឲ្យអភិបាលស្រុកម៉ាឡៃ លោក ឯម សុខា ចេញលិខិត បញ្ជាក់គុណភាពដំឡូងមី (CA) ឲ្យបានលឿនទាន់ពេលវេលា ជៀសវៀងការរាំងស្ទះដល់ ការនាំចេញកសិផល ជៀសវាងនូវការ ប្រើប្រាស់បច្ចេកទេសផ្សេងៗ ដើម្បីបង្អូសពេលវេលាក្នុងការចេញ CA នេះផងដែរ។
ម្យ៉ាងវិញទៀតអ្នកនាំចេញកសិផល កំពុងតែមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ព្រោះពេលនេះតំលៃកសិផល កំពុងមានការធ្លាក់ចុះជាបណ្តើរៗ។
យ៉ាងហោចណាស់មានក្រុមហ៊ុនចំនួន៣ ដែលកំពុងរង់ចាំការចុះហត្ថលេខាលើលិខិតបញ្ជាក់គុណភាពដំឡូងហៅថា CA របស់លោក ឯម សុខា អភិបាលស្រុកម៉ាឡៃ តែមួយគត់ ទើបកសិផលអាចនាំចូលទៅប្រទេសថៃបាន ដែលបច្ចុប្បន្ននេះ ក្រុមហ៊ុនទាំងអស់មានឯកសារ CO របស់ក្រសួងពាណិជ្ជកម្ម , Phytosanitary របស់អគ្គនាយកដ្ឋានកសិកម្ម, Invoices and Packing រួចរាល់អស់ហើយផងដែរ គឺរង់ចាំតែហត្ថលេខារបស់លោក ឯម សុខា អភិបាលស្រុកម៉ាឡៃ លើឯកសារ CA មួយទៀតតែប៉ុណ្ណោះ។
តាមការបញ្ជាក់របស់តំណាងក្រុមហ៊ុននាំចេញបានបញ្ជាក់ថា គាត់ (លោក ឯម សុខា) លើកឡើងពីបញ្ហាអសកម្មនានារបស់ម្ចាស់សៃឡូ ដែលមិនពាក់ព័ន្ធអ្វីទាល់តែសោះ ទៅនឹងបែបបទនៃការនាំចេញកសិផល បើម្ចាស់សៃឡូណាមិនគោរពតាមការណែនាំ គាត់ត្រូវចេញលិខិតជំរាបទៅម្ចាស់សៃឡូនោះ ដើម្បីធ្វើកិច្ចសន្យា មិនមែនគាត់បដិសេធមិនព្រមចុះហត្ថលេខាលើ CA ឬ រកឡេសនេះឡេសនោះបង្កការលំបាកដល់អាជីវករនាំចេញកសិផលនោះទេ។
ប្រជាពលរដ្ឋអាជីវករអ្នកនាំចេញទាំងអស់សង្ឃឹមថា និងទទួលបានកិច្ចអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោកអភិបាលខេត្ត ជំរុញទៅលោក ឯម សុខា ចៅហ្វាយស្រុកម៉ាឡៃ ក្នុងការពន្លឿនការចុះហត្ថលេខា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកនាំចេញក្នុងការជំរុញការនាំចេញ កសិផលរបស់ប្រជាពលរដ្ឋខ្មែរយើង ក៏ដូចជាជួយបង្កនូវបរិយាកាសងាយស្រួល ដល់ក្រុមអ្នកធ្វើធុរកិច្ចទាំងអស់ ស្របតាមគោលនយោបាយកំណែទំរង់ផ្ទៃក្នុងស៊ីជំរៅរបស់រាជរដ្ឋភិបាលកម្ពុជា ក្រោមការដឹកនាំក្រោមម្លប់សន្តិភាព ដែលមានសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាប្រមុខដឹកនាំ។
ពាក់ព័ន្ធករណីនេះ អង្គភាព Fresh News មិនទាន់អាចទំនាក់ទំនងលោក ឯម សុខា អភិបាលស្រុកម៉ាឡៃ បាននៅឡើយទេ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ៕