(ភ្នំពេញ)៖ ស្ដ្រីវ័យជាង៣០ឆ្នាំម្នាក់ បានស្លាប់គួរឲ្យអណោចអធ័មដែលរថយន្ដធុនធំមួយគ្រឿង ដឹកស្ករពេញបានបុកហើយកិន ខណៈជិះម៉ូតូជាមួយស្រ្តីម្នាក់ទៀតដែលកំពុងបើកចេញពីទិញឥវ៉ាន់ នៅផ្សារស្ទឹងមានជ័យថ្មី។
ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍ដែលគួរឲ្យរន្ធត់មួយនេះ បានកើតឡើងនៅវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ លើផ្លូវមុន្នីរ៉េត និងផ្លូវវែងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
គ្រោះថ្នាក់ចរាចរណ៍តាមរយៈរូបភាព ដែលគួរឲ្យអាណិតទៅលើស្ដ្រីរងគ្រោះ បាននាំឲ្យផ្ទុះការរិះគន់ខ្លាំងពីមហាជន រហូតដល់អ្នកនយោបាយមួយចំនួន ដោយស្ដីបន្ទោស និងទម្លាក់កំហុសទាំងស្រុង ទៅលើអាជ្ញាធរ និងសមត្ថកិច្ច ដែលនៅតែបណ្ដែតបណ្ដោយឲ្យរថយន្ដធុនធំ បើកចូលក្រុងទាំងថ្ងៃ។
ប្រតិកម្មរិះគន់ខាងលើនេះ ត្រូវបានការិយាល័យចរាចរណ៍ផ្លួវគោកបានចេញមកបញ្ជាក់បន្ថែម ជាពិសេសទៅលើចរាចរណ៍រថយន្ដធុនធំ តម្រាយផ្លូវ និងពេលវេលាផងដែរ។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ ជាដំបូង លោក សែម គន្ធា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញអារម្មណ៍សោកស្ដាយ និងចូលរួមមរណទុក្ខជាមួយគ្រួសារនៃសព ដែលបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដធុនធំ និងម៉ូតូ ប៉ុន្ដែសម្រាប់អ្នកបើករថយន្ដ ត្រូវបានឃាត់ខ្លួនភ្លាមៗ និងកំពុងចាត់វិធានការទៅតាមនីតិវិធី ដោយពុំមានការលើកលែងជាដាច់ខាត។
ទាក់ទិនទៅនឹងមតិរិះគន់ ដែលអាជ្ញាធរ និងសមត្ថកិច្ចនៅតែបណ្ដែតបណ្ដោយឲ្យរថយន្ដធុនធំបើកចូលក្រុង លោក សែម គន្ធា បានអះអាងថា កន្លងទៅសាលារាជធានីភ្នំពេញ បានចេញ សេចក្ដីជូនដំណឹង ដោយកំណត់ថា រថយន្ដធុនធំទាំងឡាយត្រូវហាមការបើក ចូលក្នុងទឹកដីខណ្ឌចំនួន៤ រួមមាន៖ ខណ្ឌដូនពេញ, ខណ្ឌ៧មករា, ខណ្ឌទួលគោក និងខណ្ឌចំការមន ដូច្នេះគ្រោះថ្នាក់ចរាចរណ៍នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យខាងលើនេះ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដូច្នេះមិនមែនជាកន្លែងដែលត្រូវបានហាមឃាត់ ឲ្យរថយន្ដធុនធំធ្វើ ចរាចរណ៍នោះឡើយ។
តែយ៉ាងណាក៏ដោយនោះ នាយការិយាល័យនគរបាលចរាចរណ៍រូបនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ ចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងសង្គមរបស់យើង។
យោងតាមរបាយការណ៍របស់នគរបាលមូលដ្ឋាន គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យស្ដ្រីរងគ្រោះឈ្មោះ សុខ សុភ័ណ្ឌ អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងអ្នកបើករថយន្ដឈ្មោះ ហ៊ីន យុទ្ធា អាយុ២៩ឆ្នាំ ដែលត្រូវបានឃាត់ខ្លួនភ្លាមៗ បញ្ជូនទៅកាន់ចរាចរណ៍ផ្លូវគោក ដើម្បីចាត់វិធានការបន្ដទៀត៕