(ភ្នំពេញ)៖ ដោយមើលឃើញពីភាពរីកចម្រើននៃ វិស័យអចលនទ្រព្យនៅកម្ពុជាឃើញថា មានវិនិយោគិនមកពីតាមបណ្ដាប្រទេសជាច្រើន បានសម្រុកមកវិនិយោគនៅកម្ពុជាឥតឈប់ឈរ។ ក្នុងចំណោមវិនិយោគិនទាំងអស់ឃើញថា វិនិយោគិនចិនឈរលំដាប់ថ្នាក់ខ្ពស់ ក្នុងការមកវិនិយោគនៅកម្ពុជាច្រើនជាងគេ។

ជាក់ស្ដែងនៅក្នុងថ្ងៃនេះវិនិយោគិនចិន បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Keller Williams Cambodia (KW-កម្ពុជា) ដែលជាក្រុមហ៊ុនអចលនទ្រព្យធំ របស់សហរដ្ឋអាមេរិក ប្រចាំកម្ពុជា ដោយដាក់លក់គម្រោងខុនដូ Diamond Twin Tower នៅក្នុងប្រទេសកម្ពុជា។

លោក Aron Hong អ្នកគ្រប់គ្រងគម្រោងខុនដូ Diamond Twin Tower ឲ្យដឹងថា គម្រោង Diamond Twin Tower នឹងទទួលបានជោគជ័យខ្ពស់នៅកម្ពុជាព្រោះថា គម្រោងនេះស្ថិតនៅលើទីតាំងល្អ, មានភាពស្ងប់ស្ងាត់បូករួមជាមួយនឹងតម្លៃសមរម្យ។

លោកបន្ដថា «កត្តាដែលធ្វើឲ្យគម្រោង Diamond Twin Tower សហការជាមួយក្រុមហ៊ុន KW-កម្ពុជា ព្រោះថា KW ជាក្រុមហ៊ុនអចលនទ្រព្យមកពីសហរដ្ឋអាមេរិក ព្រមទាំងជាក្រុមហ៊ុន ដែលមានវត្តមានលើបណ្ដាប្រទេសជាច្រើនក្នុងសាកលលោក កត្តាទាំងនេះហើយដែលធ្វើឲ្យខ្ញុំជឿជាក់លើ KW-កម្ពុជា»

លោកបន្ដថា ក្រៅពីទីផ្សារកម្ពុជាក្រុមហ៊ុនគ្រោងនឹងទៅវិនិយោគ ជាមួយនឹងទីផ្សារប្រទេសថៃ, ប្រទេសវៀតណាម, ប្រទេសម៉ាឡេស៊ី និងប្រទេសអាស៊ានទាំងមូលផងដែរ។

លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW-កម្ពុជា ឲ្យដឹងថា «ខ្ញុំមានភាពជឿជាក់ក្នុងការលក់គម្រោង Diamond Twin Tower ហើយជឿជាក់ថា គម្រោងនេះនឹងទទួលបានការគាំទ្រច្រើន ពីអតិថិជនទាំងក្នុងប្រទេស និងក្រៅប្រទេសព្រោះថា គម្រោងនេះជាគម្រោងដែល បានសាងសងរួចរាល់ ហើយស្ថិតលើទីតាំងល្អផងដែរ»

លោកបណ្ឌិតបន្ថែមថា «ខ្ញុំមានជំនឿចិត្តថា នឹងលក់គម្រោង Diamond Twin Tower អស់ក្នុងរយៈពេលមួយឆ្នាំ។ សម្រាប់គម្រោងខុនដូនេះ នឹងមានអតិថិជនជាវច្រើន ពិសេសអតិថិជនកម្ពុជាតែម្ដង»