(ភ្នំពេញ)៖ នៅឆ្នាំ២០១៨កន្លងទៅនេះ មានមនុស្សចំនួនប្រមាណ៥៣៨នាក់ថ្មីទៀត បានឆ្លងមេរោគអេដស៍។ នេះបើតាមការបញ្ជាក់ពី លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០១៨ និងលើកទិសដៅបន្តឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ។
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា «កម្មវិធីប្រយុទ្ធជំងឺឆ្លង កំពុងបន្ដស្ថិតនៅលើមាគ៌ាវឌ្ឍនភាព។ ករណីថ្មី នៃការឆ្លងមេរោគអេដស៍ មានចំនួន៥៣៨នាក់ ឬស្មើនឹង ០.០៣ករណី ក្នុងចំណោមប្រជាជន ដែលគ្មានផ្ទុកមេរោគអេដស៍១,០០០នាក់»។
ជាមួយគ្នានេះ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបន្ថែមទៀតថា ការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ បានគ្របដណ្តប់៨៧.២២% នៃចំនួនអ្នកផ្ទុកមេរោគអេដស៍។ អត្រាព្យាបាលជោគជ័យនៃជំងឺរបេងរក្សាបានលើសពី៩៣% ក្នុងរយៈពេល ជាច្រើនឆ្នាំជាប់ៗគ្នា។ ករណីឈឺ នៃជំងឺគ្រុនចាញ់ បានកើនឡើងក្នុងឆ្នាំ២០១៨ ប៉ុន្តែពុំមានអ្នកជំងឺស្លាប់។
លោកថា វឌ្ឍនភាពនេះ នឹងឈានទៅសម្រេចគោលដៅ របស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥។ ការពង្រីកសេវាពិនិត្យ និងព្យាបាលជំងឺមិនឆ្លងរ៉ាំរ៉ៃ ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ ៣០% នៃប្រជាជនអាយុ ពី២៥-៦៤ឆ្នាំ ដែលមានជំងឺលើសសម្ពាធឈាម បានទទួលការព្យាបាល និង៣២% នៃប្រជាជនអាយុ ពី២៥-៦៤ឆ្នាំ ដែលមានជំងឺទឹកនោមផ្អែម បានទទួលការព្យាបាល។
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានលើកឡើងផងដែរថា អ្នកប្រើប្រាស់គ្រឿងញៀន បានទទួលសេវាព្យាបាល បានកើនឡើងពី៣,១០១នាក់ នៅឆ្នាំ២០១៧ ទៅ៨,០៩៦នាក់ នៅឆ្នាំ២០១៨។ សេវាសុខភាពមាត់ធ្មេញ បង្ការភាពងងឹតភ្នែក របួសដោយសារគ្រោះថ្នាក់ចរាចរ សុវត្ថិភាពចំណីអាហារ សុខភាពបរិស្ថាន កំពុងស្ថិតក្នុងវឌ្ឍនភាព៕