(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ បានទទួលជួបសំណេះសំណាល សម្ដែងការគួរសម និងពិភាក្សាការងារជាមួយ នាយឧត្ដមសេនីយ៍ ឆាយយ៉ាប្រ៊ុក ឌីឌីយ៉ាសារីន (CHAIYAPRUK DIDYASARIN) មេបញ្ជាការកងទ័ពជើងអាកាសភូមិន្ទថៃ។
ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំជាច្រើនរូបដែលជាតំណាងមកពីបញ្ជាការដ្ឋានកងទ័ពជើងគោក, ជើងទឹក, ជើងអាកាស និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំងនាយកទីចាត់ការមួយចំនួន ចំណុះអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពនៃប្រទេសទាំងពីរ ជាអាទិ៍នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដែលស្របទៅនឹងសេចក្ដីប្រាថ្នារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រែក្លាយព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង ឲ្យទៅជាព្រំដែនប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ ក្នុងគោលបំណងលើកស្ទួយកម្រិតជីវភាពរបស់ ប្រជាពលរដ្ឋតាមតំបន់ព្រំដែន។
នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់កងទ័ពភូមិន្ទថៃ ដែលបានទទួលយកនាយទាហានកម្ពុជា ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលផ្សេងៗ ក៏ដូចជាការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ប្រភេទទ័ពផងដែរ។
នៅទីបញ្ចប់នៃកិច្ចពិភាក្សានេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានស្នើឲ្យកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃ បន្តរួមគ្នាទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នៅតាមខ្សែបន្ទាត់ព្រំដែន រួមមានឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស បទល្មើសរុករកធនធានធម្មជាតិ និងអំពើភេរវកម្ម៕